រថភ្លើង២គ្រឿងបុកគ្នានៅប្រទេសក្រិក សម្លាប់មនុស្ស ២៦នាក់ និងរបួស៨៥នាក់


 (អាថែន)៖​ យោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ បានអោយដឹងថា កងពន្លត់អគ្គីភ័យបាននិយាយថា មនុស្សចំនួន ២៦នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៨៥នាក់នាក់ទៀតរងរបួស បន្ទាប់ពីរថភ្លើងពីរគ្រឿងបុកគ្នាក្នុងប្រទេសក្រិក កាលពីល្ងាច ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈមូលហេតុដែលបណ្តាលឲ្យមានឧប្បត្តិ ហេតុនេះមិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ។

អភិបាលនៃតំបន់ថេសសាលី (Thessaly) លោក កុនស្តែនទីណូស អាហ្គូរ៉ាសតូស (Konstantinos Agorastos) បានប្រាប់ទូរទស្សន៍ SKAI របស់ប្រទេសក្រិកឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរ មួយ គ្រឿងចេញពីទីក្រុងអាថែន (Athens) ទៅកាន់ទីក្រុងថេសសាឡូនីគី (Thessaloniki) ស្ថិតនៅ ឯភាគខាងជើងប្រទេស បានបុករថភ្លើងដឹកទំនិញមួយគ្រឿងទៀតនៅខាងក្រៅ ទីក្រុងឡារីសសា (Larissa) ដែលស្ថិតនៅភាគកណ្តាលប្រទេសក្រិក។ ទូរថភ្លើងចំនួន៤នៃរថភ្លើងដឹកអ្នកដំណើរបានក្រឡាប់ចេញពីផ្លូវ ហើយក្នុងនោះទូរថភ្លើងពីរខាងមុខ ត្រូវឆេះ ហើយបំផ្លាញស្ទើរតែទាំងស្រុង ក្រោយការបុកទង្គិចគ្នា។

អ្នកដំណើរប្រហែល ២៥០នាក់ត្រូវបានជម្លៀសដោយសុវត្ថិភាពទៅកាន់ទីក្រុងថេសសាឡូនីគី តាមរយៈរថយន្តក្រុង។ បើតាមអ្នកនាំពាក្យកងពន្លត់អគ្គីភ័យ ការជម្លៀសអ្នកដំណើរស្ថិតក្នុង ស្ថានភាពលំបាកខ្លាំង ដោយសារភាពធ្ងន់ធ្ងរនៃការប៉ះទង្គិចគ្នានៃរថភ្លើងទាំងពីរ។

គួរបញ្ជាក់ថា មកទល់នឹងព្រឹកព្រលឹមថ្ងៃពុធនេះ ទូរទស្សន៍រដ្ឋ ERT បានចេញផ្សាយសកម្មភាពក្រុម អ្នកជួយសង្គ្រោះ ដែលកំពុងបន្តស្វែងរកអ្នកនៅមានជីវិត នៅឯទីវាលជុំវិញកន្លែងកើតហេតុ៕