(យូអិន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ បញ្ជាក់ថា បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើង នឹងស្ថិតលើរបៀបវារៈនៃកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) តាមការស្នើសុំរបស់សហរដ្ឋអាមេរិក និង ប្រទេសអាល់បានី បន្ទាប់ពីពួកគេបានដាក់លិខិតមួយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយមានការ គាំទ្រពីប្រទេសមួយចំនួនទៀត។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters កំណត់ទូតខ្លីមួយដែលផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សា សន្តិសុខ UN ដែលមានសមាជិក ១៥ ប្រទេស ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងប្រទេសអាល់បានី ព្រមទាំងមានការគាំទ្រពីប្រទេសចំនួន ៥៩ផ្សេងទៀត រួមទាំងសហភាព អឺរ៉ុបផងដែរ។ យោងតាមនីតិវិធីរបស់ក្រុមប្រឹក្សាសន្តិសុខ UN ប្រសិនបើការប្រជុំសាធារណៈ មិនបានធ្វើឡើងតាមរបៀបវារៈដែលបានដាក់ចេញ ក្នុងរយៈពេល ៣ឆ្នាំ នោះវានឹងត្រូវលុបចេញ ដោយស្វ័យប្រវត្តិ លុះត្រាតែមានសមាជិកណាមួយធ្វើការជំទាស់។ ដូច្នេះមានន័យថាសំណុំរឿង សិទ្ធិមនុស្សនៅកូរ៉េខាងជើង នឹងនៅតែមាននៅក្នុងរបៀបវារៈ UN សម្រាប់រយៈពេលមួយឆ្នាំទៀត។
ការសម្រេចបែបនេះទំនងជាធ្វើឲ្យទីក្រុងព្យុងយ៉ាងកាន់តែខឹងសម្បារ ពីព្រោះម្តងហើយម្តងទៀត ទីក្រុងព្យុងយ៉ាងតែងតែបដិសេធការចោទប្រកាន់ពីការរំលោភបំពានសិទ្ធិមនុស្ស ហើយដាក់បន្ទុកទៅលើការដាក់ទណ្ឌកម្មជាអន្តរជាតិ ចំពោះវិបត្តិមនុស្សធម៌។ យ៉ាងនេះក្តី ស្ថានបេសកកម្មរបស់ កូរ៉េខាងជើងប្រចាំ UN នៅទីក្រុងញូយ៉ក មិនបានឆ្លើយតបចំពោះសំណើ សុំការអត្ថាធិប្បាយទេ៕
































