(កៀវ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ ២០២៣ អោយដឹងថា អាជ្ញាធរប្រចាំតំបន់នៅអ៊ុយក្រែន បានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃព្រហស្បតិ៍ នេះ រុស្ស៉ីបានបើកការវាយប្រហារថ្មីទៀតតាមផ្លូវអាកាស ទៅលើគោលដៅពាសពេញប្រទេស អ៊ុយក្រែន ស្របពេលដែលការប្រយុទ្ធគ្នាលើដីគោកនៅឯទីក្រុងបាកមូត កំពុងបន្តយ៉ាងស្វិតស្វាញ។

តំបន់និងទីក្រុងអ៊ុយក្រែន ដែលបានទទួលរងការវាយប្រហារជុំថ្មីនេះរបស់រុស្ស៉ី រួមមានតាំងពីខាកៀវ (Kharkiv) នៅភាគខាងជើង, អូដេសា (Odesa) នៅភាគខាងត្បូង, ហ្ស៉ីតូមៀ (Zhytomyr) នៅភាគ ខាងលិច, ឌីនីប្រូ (Dnipro) នៅភាគកណ្តាល ជាដើម រួមនិងរដ្ឋធានីកៀវ។ ការវាយប្រហារបានត្រូវចំ អគារស្នាក់នៅនិងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់និងទីក្រុង ទាំងនោះ ដែលជាហេតុបណ្តាលឱ្យមានការដាច់រចន្តអគ្គិសនី និងបង្កឱ្យមនុស្សមួយចំនួនរងរបួស ប៉ុន្តែហាក់ពុំមានសេចក្តីរាយការណ៍ពីអ្នកបាត់បង់ជីវិតឡើយ។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសខាងលើ កើតឡើងស្របពេលដែលការប្រយុទ្ធគ្នា ដ៏តានតឹងនៅលើដីផ្ទាល់ ដើម្បីទីក្រុងបាកមូត (Bakhmut) ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន កំពុងតែបន្ត។ ទីក្រុងនេះត្រូវបានកងកម្លាំងរុស្ស៉ីព្យាយាមដណ្តើមគ្រប់គ្រងរយៈពេលប៉ុន្មានខែមកហើយ ខណៈ ទាំងសងខាងសុទ្ធតែទទួលរងការបាត់បង់កម្លាំងធ្ងន់ធ្ងរដូចគ្នា។ យ៉ាងណាមិញ កាលពីថ្ងៃពុធ សប្តាហ៍នេះ ប្រមុខអង្គការណាតូ (NATO) បានព្រមានថា ទីក្រុងបាកមូតអាចនឹងធ្លាក់ទៅក្នុងដៃ រុស្ស៉ីដោយចៀសមិនផុត នៅប៉ុន្មានថ្ងៃខាងមុខ៕
































