(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានចោទសួរ ទៅកាន់អ្នកបរិស្ថាននិយម ដែលជំទាស់ការប្រឹងប្រែងបង្កើតប្រភពថាមពលអគ្គិសនី ថា តើចង់វិលទៅដុតចន្លុះវិញ ឬយ៉ាងណា?
ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាព សាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះ សំណាលជាមួយពលរដ្ឋរងផលប៉ះពាល់ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បើមិនប្រឹងបង្កើត ប្រភពថាមពលអគ្គិសនីទេ កម្ពុជានឹងនៅតែដុតចន្លុះ និងប្រើចង្កៀងប្រេងកាត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មនុស្សមួយចំនួន បាននិយាយទប់ស្កាត់នូវការ ផលិតអគ្គិសនីប្រើដោយវារីអគ្គិសនី ប៉ុន្តែពួកគេក៏ទាមទារការដោះស្រាយអគ្គិសនីឲ្យពួកគេ។ តើដោះស្រាយរបៀបម៉េចទៅ? ប្រេងថាថ្លៃពេក ធ្យូងថ្មថាបំពុលបរិស្ថាន ដល់វារីអគ្គិសនីថាបំផ្លាញព្រៃ បង្កើតឲ្យមានទឹកលិចផ្ទៃដីមួយចំនួន។ អញ្ចឹងតើយើងត្រូវវិលត្រលប់ទៅដុតចន្លុះ ចង្កៀងប្រេងកាត និងដុតទៀត ឬយ៉ាងម៉េច?»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អគ្គិសនី មិនត្រឹមតែបំពេញការប្រើប្រាស់របស់ប្រជាពលរដ្ឋ ប៉ុណ្ណោះទេ តែក៏បំពេញដល់តម្រូវការឧស្សាហកម្ម និងទេសចរណ៍ផងដែរ។

បើតាមការបញ្ជាក់របស់សម្តេចតេជោ បើគ្មានអគ្គិសនីប្រើទេ ប្រជាពលរដ្ឋនៅតែដុតអុស នៅតែដុត ចន្លុះ នៅតែដុតជ័រ និងនៅតែដុតប្រេងកាត ប៉ុន្តែបើយើងមានអគ្គិសនី យើងមិនមែនគ្រាន់តែមាន បញ្ហាបំភ្លឺនោះទេ ប្រភពអគ្គិសនីនេះ គឺវានឹងផ្តល់ឱកាសឲ្យយើង ជំរុញវិស័យឧស្សាហកម្ម និងវិស័យ ដទៃទៀត ដែលមានតម្រូវការប្រើប្រាស់អគ្គិសនី។ សម្តេចតេជោ លើកឧទាហរណ៍ថា ពាក់ព័ន្ធនឹង វិស័យទេសចរណ៍ បើសណ្ឋាគារមួយ ដែលមាន ៤០០ទៅ៥០០បន្ទប់ ប្រើថាមពលអគ្គិសនីច្រើន ណាស់ ព្រោះនេះមិនមែនជាសម័យទេសចរណ៍បក់ផ្លិតទេ តែជាសម័យទេសចរណ៍ ប្រើម៉ាស៉ីន ត្រជាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីទសវត្សរ៍៩០ កម្ពុជា ប្រើអគ្គិសនីត្រឹមប្រមាណ ៣០ មេហ្គាវ៉ាត់ប៉ុណ្ណោះ តែបច្ចុប្បន្នប្រើរហូតដល់ទៅជា ២២០០មេហ្គាវ៉ាត់។ បច្ចុប្បន្ន គ្រាន់តែរាជធានី ភ្នំពេញ ត្រូវការថាមពលអគ្គិសនីរហូតដល់ទៅ ១ពាន់មេហ្គាវ៉ាត់ ខណៈកាលពីមុនត្រូវការតែត្រឹម ៣០មេហ្គាវ៉ាត់។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនដំឡើងថ្លៃអគ្គិសនីនោះទេ បើទោះបីជាតម្លៃអគ្គិសនី នៅ ប្រទេសជិតខាងកម្ពុជា បានដំឡើងថ្លៃលើសកម្ពុជាក្តី ហើយការមិនដំឡើងថ្លៃនេះ គឺដើម្បីសម្រួល ដល់ការលំបាករបស់ប្រជាពលរដ្ឋ។ បើទោះបីជាថ្លៃអគ្គិសនី ដែលប្រទេសជិតខាងវៀតណាម និងថៃ ដែលលក់ឱ្យកម្ពុជាឡើងថ្លៃក៏ដោយ ក៏មិនប៉ះពាល់ដល់អ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទដែរ ដោយ សារតែរាជរដ្ឋាភិបាល បានប្រកាសមិនឱ្យមានការដំឡើងថ្លៃអគ្គិសនី សម្រាប់ឆ្នាំ២០២៣នេះ។
ដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឱ្យវត្ថុធាតុ ដើម ដើម្បីផលិតថាមពលអគ្គិសនីមានការកើនឡើង សម្រាប់ឆ្នាំ២០២២កន្លងមកនេះ រាជរដ្ឋា ភិបាលបានចេញថ្លៃខាតលើអគ្គិសនីប្រហែល ២០០លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។

នៅឆ្នាំ២០២២ កម្ពុជាផលិតថាមពលអគ្គិសនី បានជិត៨០ភាគរយ ខណៈថាមពលអគ្គិសនីតែ ២០ភាគរយប៉ុណ្ណោះទិញពីប្រទេសឡាវ វៀតណាម និងថៃ។
រាល់ថ្ងៃនេះកម្ពុជា មានលទ្ធភាពផលិតថាមពលនៅក្នុងស្រុកបាន ៣៤០០មេហ្កាវ៉ាត់ ដែលផលិត ចេញពីថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី ជីវម៉ាស ធ្យូងថ្ម និងប្រេង ហើយតម្រូវការបច្ចុប្បន្ននេះ ត្រឹមតែប្រមាណជិត ២២០០មេហ្កាវ៉ាត់ប៉ុណ្ណោះ។ មានន័យថា យើងមានសមត្ថភាពផលិតថាមពល បានច្រើនលើសលប់ អត់មានបញ្ហាទេ។
លោក យឹម វិសិដ្ឋ បានបញ្ជាក់យ៉ាងដូច្នេះ «អ្វីដែលខ្ញុំលើកឡើងថា ថាមពលរាល់ថ្ងៃយើងទិញ ពីប្រទេសជិតខាង ២០ភាគរយ។ ការទិញចូលនេះ មិនមែនមានន័យថា យើងខ្វះភ្លើងទេ។ ភាពពិតប្រាកដ គឺយើងត្រូវតែភ្ជាប់បណ្តាញជាមួយប្រទេសជិតខាង ដោយសារប្រទេសគេជាប្រព័ន្ធ មួយធំ អញ្ចឹងយើងភ្ជាប់ជាមួយគេ ដើម្បីរក្សាឲ្យប្រព័ន្ធយើងមានលំនឹង។ ប្រសិនបើយើងមានបញ្ហាតិចតួច យើងតោងគេទៅ យើងអត់មានបញ្ហារលត់ទូទាំងប្រទេសទេ»។

គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន ១៣,៩២៣ ស្មើនឹង៩៨.២៧ភាគរយ បានតខ្សែបណ្តាញ អគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈនៅសល់ភូមិតែ ២៤៥ប៉ុណ្ណោះ ស្មើនឹង ១.៧៣ភាគ មិនទាន់ត ខ្សែបណ្តាញអគ្គិសនី ដោយសារតែភូមិទាំងនោះ នៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬខ្លះភូមិទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម៕

































