សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់នារីៗ កុំឱ្យប្រឹងកែច្នៃរូបសម្រស់ពេក ខ្លាចប្រឈមនឹងគ្រោះ ថ្នាក់

(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៣នេះ បានអំពាវនាដល់បងប្អូននារីៗ សូមកុំប្រឹងកែច្នៃរូបសម្រស់ហួសហេតុពេក ព្រោះខ្លាច ប្រឈមនឹងគ្រោះថ្នាក់។ ការអំពាវនាវរបស់សម្តេច បន្ទាប់ពីមានហេតុការណ៍បាត់បង់ជីវិតរបស់នារី ម្នាក់ ក្នុងគ្លីនិកកែសម្ផស្សមួយកន្លែង កាលពីពេលថ្មីៗកន្លងទៅនេះ។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «អំពាវនាវដល់ស្ត្រីទាំងឡាយ កុំដល់ថ្នាក់ហ្នឹងពេក [កែសម្ផស្ស ជ្រុលហួស] វាធម្មជាតិរបស់វាឲ្យវាទៅអីចឹងចុះ ប្តីស្រឡាញ់មិនស្រឡាញ់ទេ ក៏វាហីទៅ ចាំបាច់ទៅយក កម្មយកពារអី ចាក់ថ្នាំសន្លប់រួចហើយទៅវះ ទេវាឲ្យប៉ុណ្ណាមក យកប៉ុណ្ណឹងទៅធ្វើម៉េចរូបរាងយើងវា ប៉ុណ្ណឹង ប៉ុន្តែអ្នកនិយមក៏និយម យើងក៏មិនដឹងធ្វើម៉េចដែរ សិទ្ធិរបស់គេ តែយើងគ្រាន់តែយកចិត្ត ទុកដាក់ ជាមួយនឹងសុខភាពអ្នកទាំងនោះ»

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាព សាងសង់ វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយ សារគម្រោង នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

សូមជមា្របថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេច បិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ​ដែលស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីមាន ករណីស្ត្រីម្នាក់ស្លាប់ភ្លាមៗ ក្រោយវះកាត់កែសម្ផស្ស នៅមជ្ឈមណ្ឌលនេះ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការបិទមជ្ឈមណ្ឌលកែសម្ផស្សឯកជន ដែលមានទីតាំងនៅផ្ទះ លេខ៧៣B ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជារបស់លោកវេជ្ជបណ្ឌិត គោគ ចន្ទី ជាអ្នកទទួលខុសត្រូវ ដោយសារតែបុគ្គលិកគ្មានគុណវុឌ្ឍ និងគ្មានជំនាញវិជ្ជាជីវៈ សុខាភិបាល បណ្ដាលឱ្យមនុស្សស្លាប់។

ក្រសួងសុខាភិបាល នឹងបន្តនីតិវិធីច្បាប់ដែលមានជាធរមាន ចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជា មួយនឹងអ្នកទទួលខុសត្រូវ ក៏ដូចជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី។

គួររំលឹកថា នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ មានករណីស្ត្រីម្នាក់វ័យ៤០ឆ្នាំ បានស្លាប់ក្នុង មជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីវះកាត់កែដើម ទ្រូង។ ក្រោយកើតហេតុសមត្ថកិច្ច រួមទាំងអាជ្ញាធរ បានមកដល់ទីតាំងកែសម្ផស្ស ដើម្បីពិនិត្យ សាកសព ស្រ្តីរងគ្រោះ និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕