អូស្ត្រាលី អះអាងថាខ្លួនជូនដំណឹងដល់ចិន ជុំវិញកិច្ចព្រមព្រៀង ទិញនាវាមុជទឹកនុយក្លេអ៊ែរ

(កង់បេរ៉ា)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ អោយដឹងថា រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាឡែស (Richard Marles) នៅថ្ងៃអង្គារនេះបាននិយាយថាអូស្រ្តាលីបានជូនដំណឹងដល់ចិន ជុំវិញកិច្ចព្រមព្រៀងស្ដីពីនាវាមុជ ទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ប៉ុន្តែមិនទាន់ទទួល បានចម្លើយឆ្លើយតបណាមួយពីទីក្រុងប៉េកាំងនោះទេ។

នៅក្នុងសុន្ទករថាខ្លីមួយតាមកញ្ចក់ទូរទស្សន៍ លោក ម៉ាឡែស បានឱ្យដឹងទៀតថារដ្ឋាភិបាល អូស្ត្រាលីបានហៅទូរស័ព្ទច្រើនជាង៦០លើក ទៅកាន់បណ្ដាមេដឹកនាំជាច្រើន ក្នុងនោះរួមមាន ទាំងមេដឹកនាំក្នុងតំបន់ប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ ដើម្បីជូនដំណឹងពីកិច្ចព្រមព្រៀងស្ដីពីនាវាមុជ ទឹកដើរដោយថាមពលនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក្រោម ក្របខណ្ឌ នៃកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS។

គួរបញ្ជាក់ថា មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី នៅថ្ងៃចន្ទសប្ដាហ៍នេះ បាន ប្រកាសបន្ថែមពីព័ត៌មានលម្អិតស្ដីពីវិធីដែលអូស្ត្រាលី ត្រូវទិញនាវាមុជទឹកដើរដោយ ថាមពលនុយ ក្លេអ៊ែរ នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ដែលត្រូវបានបង្កើតឡើងកាលពីជាង១៨ ខែមុន។

នៅក្រោមកិច្ចព្រមព្រៀង AUKUS ដែលគោលដៅចម្បងខ្ទប់ការកើនឡើងឥទ្ធិពលចិន តាមរយៈការ ថែរក្សា «ឥណ្ឌប៉ាស៊ីហ្វិកសេរី និងបើកចំហ» អូស្ត្រាលីនឹងទិញនាវាមុជទឹកដើរដោយ ថាមពលនុយ ក្លេអ៊ែរចំនួន៣គ្រឿងពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៣៦៨ពាន់លានដុល្លារ ជាមួយ ជម្រើសទិញ២គ្រឿងបន្ថែមទៀត បន្ទាប់ពីកិច្ចព្រមព្រៀងដំណាក់កាលទី១ ដែលនឹងត្រូវធ្វើនៅដើម ទសវត្សរ៍ឆ្នាំ២០៣០។

ប្រទេសទាំង៣ ក៏បានប្ដេជ្ញាផងដែរលើកិច្ចសហប្រតិបត្តិការស្ដីពីសមត្ថភាព AI អាវុធល្បឿនលឿន ជាងសំឡេង និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ហើយសហរដ្ឋអាមេរិកនឹងបង្កើន ការបញ្ជូន នាវាមុជទឹកនុយក្លេអ៊ែរឱ្យទៅធ្វើទស្សនកិច្ចឈប់សំចតនៅឯកំពង់ផែនៃប្រទេសអូស្ត្រាលី ក្នុងរយៈ ពេលប៉ុន្មានឆ្នាំខាងមុខ៕