(តូក្យូ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ បានអោយដឹងថា លោក យ៉ាស៊ូកាហ្សុ ហាម៉ាដា (Yasukazu Hamada) រដ្ឋមន្ត្រីការ ពារជាតិជប៉ុន បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស និងអ៉ីតាលី នឹងមក បំពេញទស្សនកិច្ច នៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះ។

កាលពីខែធ្នូ ឆ្នាំ២០២២ ជប៉ុន អង់គ្លេស និងអ៉ីតាលី បានប្រកាសអំពីគម្រោងការបណ្តាក់ទុនលើ កម្មវិធី Global Combat Air Program ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ នៅឆ្នាំ២០៣៥ ដែលរួមបញ្ចូលដោយគម្រោង Tempest របស់ចក្រភពអង់គ្លេសជាមួយកម្មវិធីយន្ដហោះចម្បាំង F-X របស់ជប៉ុន។
ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា លោក ហាម៉ាដា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគីជាមួយ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ប៊ែន វ៉ាឡែស (Ben Wallace) និងរដ្ឋមន្ត្រីការពារជាតិអ៉ីតាលី លោក ហ្គូដូ ក្រូសេតតូ (Guido Crosetto) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ លោក ហាម៉ាដា ក៏នឹង ជួបប្រជុំទ្វេភាគីដាច់ដោយឡែក ជាមួយរដ្ឋមន្រ្តីទាំងពីរ ផងដែរ។ ភាគីទាំងបី នឹងពិភាក្សាអំពី គម្រោងផលិតយន្តហោះចម្បាំង ដែលនេះជាកិច្ចសហការលើឧស្សាហកម្មការពារជាតិដ៏សំខាន់ លើកដំបូងរបស់ជប៉ុន ក្រៅពីជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក៕
































