កូរ៉េខាងជើង ធ្វើតេស្ដ «ដ្រូនមុជទឹកថ្មីមួយ» មានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ

 (សេអ៊ូល)៖  តាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ បានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានរាយ ការណ៍ថាយោធាកូរ៉េខាងជើង បានធ្វើតេស្ដយានមុជទឹកគ្មានមនុស្សបើក ឬដ្រូនមុជទឹកថ្មីមួយដែល មានសមត្ថភាពដឹកនាំ ការវាយប្រហារនុយក្លេអ៊ែរ អាចប​ង្កើតជារលកយក្សវិទ្យុសកម្ម ខណៈទម្លាក់ កំហុសលើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងសម្រាប់ការបង្កភាពតានតឹងនៅក្នុងតំបន់។

បើតាម KCNA កំលុងការធ្វើសមយុទ្ធយោធា យានមុជទឹកគ្មានមនុស្សបើកថ្មីរបស់កូរ៉េខាងជើង បានធ្វើដំណើរនៅក្រោមបាតសមុទ្រជម្រៅ ៨០ ទៅ១៥០ម៉ែត្រ ក្នុងរយៈពេល ៥៩ម៉ោង ហើយ បានធ្វើការ បំផ្ទុះមួយនៅក្រោមទឹក នៅឯតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដដែលបានបន្ថែមទៀតថា យានមុជទឹកនេះបាន ហ្វឹកហាត់ពីរបៀបដឹកនាំ ការវាយប្រហារជាសម្ងាត់ នៅក្នុងតំបន់ដែនទឹក និងបំផ្លាញកងកម្លាំង នាវាចម្បាំង ព្រមទាំងកំពង់ផែសំខាន់ៗរបស់សត្រូវ តាមរយៈការបំផ្ទុះអាវុធនុយក្លេអ៊ែរនៅក្រោមទឹក បង្កើតជារលកយក្សវិទ្យុសកម្ម។

គួរបញ្ជាក់ថា បើតាម KCNA ការធ្វើតេស្ដយានមុជទឹកគ្មានមនុស្សបើកខាងលើ ធ្វើឡើងក្រោមការ ចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន។ ក៏ប៉ុន្តែ គេនៅមិនទាន់ដឹងច្បាស់ថាតើ កូរ៉េខាងជើងបានទទួលជោគជ័យក្នុងការបង្រួមក្បាលគ្រាប់នុយក្លេអ៊ែរឱ្យតូចសមល្មមនឹងអាវុធខ្នាតតូច ឬក៏យ៉ាងណានោះទេ ហើយការបង្រួមក្បាលគ្រាប់នុយក្លេអ៊ែរនេះ អាចនឹងក្លាយជាគោលដៅ​សំខាន់ ប្រសិនបើ កូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ៕