គណៈរដ្ឋមន្ត្រីអនុម័ទាំងស្រុងលើ «សេក្តីព្រាងស្ដីពីសារពើពន្ធ»


 (ភ្នំពេញ)៖ គណៈរដ្ឋមន្ត្រីក្នុងកិច្ចប្រជុំដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានពិភាក្សា និងអនុម័តទាំងស្រុងហើយលើ «សេក្តី ព្រាងស្ដីពីសារពើពន្ធ»

ច្បាប់ស្ដីពីសារពើពន្ធ ត្រូវបានបង្កើតឡើងងគោលបំណងគ្រប់គ្រងប្រមូលចំណូល​ពន្ធ​អាករ​បង់ចូល ថវិកាជាតិ ដើម្បីទ្រទ្រង់ចំណាយរបស់រាជរដ្ឋាភិបាល។ ទោះជាយ៉ាងណា​ច្បាប់ស្ដីពីសារពើពន្ធ បច្ចុប្បន្ននេះ នៅមានចន្លោះប្រហោង និងបទដ្ឋានគិតយុត្តមិនទាន់​គ្រប់ជ្រុងជ្រោយសម្រាប់គាំទ្រ ដល់ការប្រមូលពន្ធអាករនោះទេ។ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ កម្មវិធីកែ ទម្រង់ការគ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា យុទ្ធ​សាស្ត្រ​កៀរគរចំណូលរបស់រាជរដ្ឋាភិបាល និងបំណងប្រាថ្នា សម្រេចឱ្យ​បានជា​ប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ រាជរដ្ឋាភិបាលត្រូវធ្វើការគិតគូរគ្រប់ជ្រុងជ្រោយលើទិដ្ឋភាពចំណូល សេដ្ឋកិច្ច និងសង្គម​ក្នុងរយៈ​ពេលវែង ដែលទាមទារចាំបាច់ឱ្យមានការរៀបចំកែទម្រង់ប្រព័ន្ធពន្ធដារ និងការ​រៀបចំច្បាប់និង លិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធដារមួយដែលមាន​លក្ខណៈ​គ្រប់ជ្រុង​ជ្រោយ និងស៊ីជម្រៅ ដោយ ឈរលើគោលការណ៍៖ (១) ចីរភាពកំណើនសេដ្ឋកិច្ច (២) ចីរភាពកំណើនចំណូល (៣) ការប្រកួត ប្រជែងដោយស្មើភាពនិងយុត្តិធម៌ និង (៤) សមធម៌សង្គម។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា «សេចក្ដីព្រាងច្បាប់ ស្ដីពីសារពើពន្ធ» មិនមែនជាការរៀបចំឡើងថ្មីទាំងស្រុងនោះទេ ប៉ុន្ដែជាការផ្តល់ភាព​ងាយ​​ស្រួល កែលម្អ បំពេញចន្លោះខ្វះខាត និងធានាបាននូវសង្គតិភាពមួយ ចំនួនដូចខាងក្រោម៖

១៖ ប្រមូលផ្ដុំចងក្រងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធដារដែលមាននៅក្រោម​ក្រឹត្យ-ច្បាប់ នានា និងច្បាប់ស្ដីពីសារពើពន្ធព្រមទាំងវិសោធនកម្ម​ជាបន្ដបន្ទាប់ក្នុងគោល​បំណងផ្ដល់ភាពងាយ ស្រួលក្នុងការស្វែងរក និងអនុវត្ត
២៖ កែសម្រួល និងបំពេញបន្ថែមនូវបទប្បញ្ញតិ្តដែលមានភាពខ្វះចន្លោះ​ដោយផ្អែកលើមូលដ្ឋាន មួយចំនួន ដូចជាបទពិសោធ ក្នុងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារជាធរមានច ការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងឧត្តមានុវត្តន៍អន្តរជាតិនានា
៣៖ ដាក់បញ្ចូលនូវគោលការណ៍ទន់ភ្លន់ដើម្បីអនុវត្តគោលនយោបា​យ​របស់​រាជរដ្ឋា​ភិ​បាល សម្រាប់ការលើកទឹកចិត្តផ្នែកពន្ធដារមួយចំនួន ក្នុងករណីដែលប្រទេសជាតិប្រឈមមុខនឹងវិបត្តិ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬគ្រោះអាសន្ន ឬតម្រូវការចាំបាច់បន្ទាន់នានា ក្នុងការធានាលំនឹងជីវភាព និង សុខុមាលភាពរបស់ប្រជាជន និងធានាប្រក្រតីភាព នៃកិច្ចដំណើរការសេដ្ឋកិច្ច និងសង្គម តាមរយៈ ការផ្ដល់ការអនុគ្រោះពន្ធអាករដោយបើកផ្លូវឱ្យរាជរដ្ឋាភិបាលអាចដាក់ចេញនូវក្របខ័ណ្ឌគតិយុត្តសម្រាប់ដាក់ឱ្យអនុវត្តភ្លាម និងជាកម្មវត្ថុ នៃការធ្វើនិយ័តភាវូបនីយកម្មដោយច្បាប់ហិរញ្ញវត្ថុ នាពេល បន្ទាប់
៤៖ បើកផ្លូវឱ្យចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ស្រប តាមការវិវត្ត នៃសង្គមសេដ្ឋកិច្ច និងបរិបទថ្មីៗនៃវិស័យធុរកិច្ច តាមរយៈការប្រើប្រាស់ប្រព័ន្ធបចេ្ចក វិទ្យាព័ត៌មានទំនើបក្នុងការកៀរគរ និងគ្រប់គ្រងការប្រមូលចំណូល ដូចជាការចុះបញ្ជីតាមថ្នាលចេ្ចក វិទ្យាព័ត៌មាន ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធតាមអនឡាញ ក្នុងគោលបំណងលើកកម្ពស់ គុណភាពសេវាជូនអ្នកជាប់ពន្ធឱ្យមានភាពសាមញ្ញ និងងាយស្រួលក្នុងការបង់ពន្ធ ព្រមទាំងធាន បានានូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រមូលចំណូល។

ឯកឧត្តម ផៃ ស៊ីផាន បានឱ្យដឹងផងដែរថា សេចក្តីព្រាងច្បាប់​ស្ដីពី​សារពើពន្ធ ត្រូវបានធ្វើ​ឡើង​​ដោយឆ្លងកាត់ការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងហ្មត់ចត់ប្រកបដោយ​ភាព​ប្រយ័ត្ន ប្រយែងខ្ពស់ តាមរយៈការប្រជុំពិភាក្សាកម្រិតបច្ចេកទេស​ច្រើនលើក​ច្រើន​សារ ដើម្បីទទួលបាន ធាតុចូលពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទ​អគ្គនាយកដ្ឋាន​ពន្ធ​ដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកិច្ចការនេះបានចាប់ផ្ដើមតាំងតែពីខែមករា ឆ្នាំ២០១៥ តរៀងមករហូតសម្រេចបានជាសេច ក្ដីព្រាងច្បាប់ដំបូង។

សូមបញ្ជាក់ថា ច្បាប់ស្ដីពីសារពើពន្ធជាធរមានមានចំនួន ៧ជំពូក ចែកចេញជា ១៥៥មាត្រា បូករួម ទាំងបទប្បញ្ញតិ្តស្ដីពីសារពើពន្ធដទៃទៀត​ដែលនៅរប៉ាត់ប៉ាយក្រៅពី​ច្បាប់​ស្ដីពីសារពើពន្ធ។

សេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ដែលត្រូវបានរៀបចំរួចរាល់ចប់សព្វគ្រប់នេះ​មាន​ចំនួន​ដល់​ទៅ ២០ជំពូក និង២៥៥មាត្រា ដោយសារជាការរួមបញ្ចូលគ្នានូវច្បាប់ស្ដីពី​សារពើ​ពន្ធ​ជាធរមាន និង ច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារ​ដែលនៅរប៉ាត់​ប៉ាយ​ទាំងអស់ ហើយបន្ថែមដោយ មាត្រាថ្មីមួយចំនួន ដើម្បីបំពេញបន្ថែមនូវចំណុច​ខ្វះខាត។ ដោយឡែកចំពោះផ្នែកទោសទណ្ឌ ក៏ត្រូវបានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ និងបានកែសម្រួលរួចរាល់ហើយបន្ទាប់ពីមានធាតុចូលពី ក្រសួងយុត្តិធម៌និងកិច្ចពិភាក្សាសម្របសម្រួលបន្ថែមចុងក្រោយជាមួយអង្គភាពប្រឆាំងអំពើពុករលួយ៕