(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានផ្តល់ការយល់ព្រមឱ្យស្នើសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាង កម្ពុជា និងវៀតណាម។ ការសម្រេចខាងលើ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

បើតាមឯកឧត្តម ផៃ ស៊ីផាន
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា
កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែន រវាងកម្ពុជា និងវៀតណាម
មានគោលបំណងសំខាន់ៗដូចខាងក្រោម៖
១៖ បង្កើតក្របខណ្ឌគតិយុត្តិ
និងលក្ខខណ្ឌអនុគ្រោះដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ
២៖ ធ្វើឱ្យប្រសើរឡើងនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតាមព្រំដែន
នៃប្រទេស ទាំងពីរ
៣៖ ពង្រឹងមិត្តភាព
កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍប្រកប ដោយចីរភាពរវាងប្រទេសទាំងពីរ
៤៖ បង្កើតការតភ្ជាប់ការអភិវឌ្ឍយូរអង្វែង
មានស្ថិរភាព និងនិរន្តរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាមនេះ នឹងផ្ដល់អត្ថប្រយោជន៍ សំខាន់ៗមួយចំនួនរួមមាន៖
១៖ ធានាដល់ផលប្រយោជន៍ និងសិទ្ធិសេរីភាពនៃប្រជាពលរដ្ឋ និងពាណិជ្ជករ ដែលរស់នៅតាម ព្រំដែន តាមរយៈការបង្កើតក្របខណ្ឌ និងលក្ខខណ្ឌធានាចាំបាច់នានា សម្រាប់ការធ្វើពាណិជ្ជ កម្មតាមព្រំដែន
២៖ ជាយន្តការជំរុញការតភ្ជាប់ការធ្វើពាណិជ្ជកម្មកម្ពុជា-វៀតណាម តាមរយៈការបង្កើតទីផ្សារ និង បង្កើនសកម្មភាពពាណិជ្ជកម្មទំនិញតាមព្រំដែនរវាងប្រទេសទាំងពីរ
៣៖ បង្កើតលទ្ធភាពលក្នុងការសម្រួលដល់ការអភិវឌ្ឍផ្សារព្រំដែន និងប្រព័ន្ធភ័ស្តុភារកម្ម និងសេវា គាំទ្រនៅតំបន់ព្រំដែន សំដៅជំរុញពាណិជ្ជកម្មតាមព្រំដែន
៤៖ សម្រួលដល់មធ្យោបាយទូទាត់ សម្រាប់ពាណិជ្ជកម្មតាមព្រំដែន តាមរយៈការបង្កើត៖ ការទូទាត់ជារូបិយប័ណ្ណបរទេស ដែលអាចផ្លាស់ប្ដូរ ឬជាប្រាក់រៀលរបស់កម្ពុជា ឬជាប្រាក់ដុង របស់វៀតណាម,មធ្យោបាយទូទាត់សម្រាប់ពាណិជ្ជកម្មតាមព្រំដែនដោយសម្បូរបែប ដូចជា៖ ការទូទាត់តាមរយៈធនាគារដែលមានការអនុញ្ញាតដោយប្រទេសនីមួយៗ, ការទូទាត់ជាសាច់ប្រាក់ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសនីមួយៗ និងការទូទាត់តាមវិធីនៃការដោះដូរទំនិញ ជាដើម។
៥៖ សម្រួលដល់ការចេញ-ចូលតាមប៉ុស្តិ៍ត្រួតពិនិត្យ ឬច្រកទ្វារព្រំដែន ដោយពាណិជ្ជករ និង ប្រជាពលរដ្ឋរស់នៅតាមព្រំដែន បុគ្គលដែលត្រូវបានអនុញ្ញាតដោយម្ចាស់ទំនិញ យានយន្ត ប្រតិ បត្តិករដឹកជញ្ជូន អ្នកបើកបរ និងអ្នកបម្រើការលើយានយន្ត ដរាបណាមានឯកសារតម្រូវនានា
៦៖ សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីអនុញ្ញាតឱ្យមធ្យោបាយដឹកជញ្ជូនចេញ-ចូល ឱ្យដល់ទីកន្លែងយកទំនិញចេញ/ផ្ទុកទំនិញនៅតាមព្រំដែន
៧៖ ពង្រឹងតម្លាភាព តាមរយៈការផ្ដល់ឱ្យនូវព័ត៌មានដែលត្រូវបានធ្វើបច្ចុប្បន្នកម្ម អំពីច្បាប់ និងបទ ប្បញ្ញត្តិពាក់ព័ន្ធនឹងពាណិជ្ជកម្មរួមមាន៖ បទប្បញ្ញត្តិស្ដីពីនីតិវិធីចូល-ចេញព្រំដែន នីតិវិធីនាំចូល និងនាំចេញ បញ្ជីទំនិញហាមឃាត់នាំចេញ-នាំចូល ឬផ្អាកបណ្ដោះអាសន្នពីការនាំចេញ-នាំចូល ពន្ធគយ កម្រៃសេវា និងបន្ទុកត្រូវបង់នានា និងព័ត៌មានផ្សេងទៀត
៨៖ កិច្ចព្រមព្រៀងនេះ អាចធ្វើវិសោធនកម្មបាន ដោយមានការឯកភាពជាឯកច្ឆន្ទពីភាគីទាំងពីរ។ រាល់វិវាទដែលកើតចេញពីការបកស្រាយ ឬការអនុវត្ត នឹងត្រូវដោះស្រាយតាមរយៈការពិគ្រោះ យោបល់ ឬការចរចារ។

កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែន រវាងកម្ពុជា និងវៀតណាម ត្រូវបានរំពឹងថា នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ ក្នុងការបន្តពង្រឹងនូវការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកម្ពស់ ការចាប់ដៃគូរពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញ តាមរយៈការផ្ដល់ ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារ ដែលនឹងជួយជំរុញលើកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជា ដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម៕

































