លោក ហ្សេលេនស្គី ថ្កោលទោសការវាយប្រហាររបស់រុស្ស៉ី ចំពេលប្រារព្ធពិធី Palm Sunday នៅអ៊ុយក្រែន

 (កៀវ)៖  យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ អោយដឹងថា​ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោស ការវាយប្រហារតាមអាកាសរបស់រុស្ស៉ី ស្របពេលនៃការប្រារព្ធពិធីបុណ្យ Palm Sunday របស់អ្នក កាន់ សាសនាគ្រិស្ដនិកាយអូតូដុក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ រួមទាំងការវាយ ប្រហារមួយដែលបានផ្តាច់ជីវិតឪពុក និងកូនស្រី នៅក្នុងផ្ទះនៅឯទីក្រុងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia)។

យោធាអ៊ុយក្រែន បានរាយការណ៍ពីការបាញ់ផ្លោងរបស់រុស្ស៉ីនៅទូទាំងផ្នែកខ្សែត្រៀមជួរមុខ ដោយ ការប្រយុទ្ធគ្នាខ្លាំងបំផុតនៅតែផ្តោតលើទីក្រុងចំនួនពីរនៃ ភាគខាងកើតតំបន់ដូណេតគឺ បាកមូត (Bakhmut) និងអៅឌីវកា (Avdiivka)។ ទីភ្នាក់ងារសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែន ក៏បានឲ្យដឹង ដែរថា មានបុរសអាយុ ៥០ឆ្នាំម្នាក់ និងកូនស្រីរបស់គាត់អាយុ ១១ឆ្នាំត្រូវបាន សម្លាប់ បន្ទាប់ពីកង កម្លាំងរុស្ស៉ីវាយប្រហារអគារលំនៅដ្ឋានមួយកន្លែង ស្ថិតនៅភាគអាគ្នេយ៍ នៃទីក្រុងហ្សាប៉ូរីសហ្ស៉ីយ៉ា ខណៈស្ត្រីជាប្រពន្ធ និងម្តាយរបស់ជនរងគ្រោះ ត្រូវទាញពីក្រោមគំនរបាក់បែក។

លោក ហ្សេលេនស្គី បានគូសបញ្ជាក់ក្នុងសុន្ទរកថាជាវីដេអូ យ៉ាងដូច្នេះថា «នេះជារបៀបដែលរដ្ឋ ក្រុមភេរវករបានធ្វើក្នុងពេលមានពិធីបុណ្យ Palm Sunday។ វិធីនេះហើយដែលធ្វើឲ្យ រុស្ស៉ី ខ្លួនឯង​កាន់តែឯកោ ចេញពីពិភពលោក។ ខ្ញុំសង្ឃឹមថា Palm Sunday នៅឆ្នាំក្រោយនឹងប្រព្រឹត្តទៅដោយ សន្តិភាព និងសេរីភាពសម្រាប់ប្រជាជនរបស់យើងទាំងអស់គ្នា»

គួរបញ្ជាក់ថា ភាគច្រើននៃប្រជាជនអ៊ុយក្រែនសរុបចំនួន ៤១លាននាក់គឺជាអ្នកកាន់សាសាគ្រិស្ដ និកាយអូតូដុក ដែលបាននិងកំពុងប្រារព្ធពិធីបុណ្យ Easter ក្នុងរយៈពេលមួយសប្តាហ៍ ដោយគិត ចាប់ពីពេលនេះតទៅ៕