បណ្ឌិត ពេជ សោភ័ន អោយដឹងថា ការបណ្តុះបណ្តាលទេសន្តរប្រវេសន៍ដោយសុវត្ថិភាព នឹងរួម ចំណែកលើក កម្ពស់ការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងជម្រើសសម្រាប់ការធ្វើទេសន្តរប្រវេសន៍


 (ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិ​បណ្តុះបណ្តាល​ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព បានថ្លែងបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាល ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព នឹងរួមចំណែកលើកកម្ពស់ការយល់ដឹងក្នុងចំណោមពលករ ទេសន្តរ​ប្រវេសន៍បច្ចុប្បន្ន ដែលមានសក្តានុពលឲ្យបានយល់យ៉ាងច្បាស់លាស់អំពីសិទ្ធិ កាតព្វកិច្ច និងជម្រើសសម្រាប់ការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងទៀងទាត់ ហើយយល់ដឹង អំពីហានិភ័យនៃការធ្វើទេសន្តរប្រវេសន៍មិនទៀងទាត់។

ឯកឧត្តម បណ្ឌិត បានអះអាងដែរថា កម្មវិធីបណ្តុះបណ្តាលនេះក៏នឹងផ្តល់ឱ្យប្រជាពលរដ្ឋទាំងអស់ នូវលទ្ធភាពទទួលបានព័ត៌មានច្បាស់លាស់អំពីអត្ថប្រយោជន៍ និងបញ្ហាប្រឈមនៃការធ្វើទេសន្តរ ប្រវេសន៍ ដើម្បីឲ្យពួកគេចាត់ទុកថាការធ្វើទេសន្តរប្រវេសន៍ជាជម្រើស មិនមែនជាកាតព្វកិច្ច និង ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងបង្កើនផលវិជ្ជមានពីបទពិសោធន៍ ទេសន្តរប្រវេសន៍ របស់ពួកគេផងដែរ។

ឯកឧត្តម បណ្ឌិត ពេជ សោភ័ន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ នា ឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីដាក់ឲ្យដំណើរការជាផ្លូវការការដាក់បញ្ចូលការបណ្តុះបណ្តាលទេសន្តរប្រវេសន៍ដោយសុវត្ថិភាពទៅក្នុងកម្មវិធីសិក្សា អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ និងដោយមានការចូលរួមពីលោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) រួមទាំងមន្ត្រីពាក់ព័ន្ធ តំណាង ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ដែរថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ដាក់ឲ្យដំណើរការជាផ្លូវការ នូវការអនុវត្តកម្មវិធីបណ្តុះបណ្តាលទេសន្តរប្រវេសន៍ដោយសុវត្ថិភាពនៅក្នុងកម្មវិធីសិក្សារបស់អ.ប.វ.និងបង្ហាញជូនដល់ភាគីពាក់ព័ន្ធនានាអំពីសារៈសំខាន់នៃការដាក់បញ្ចូល និងអនុវត្តកម្មវិធីបណ្តុះ បណ្តាលទេសន្តរប្រវេសន៍ដោយសុវត្ថិភាពនេះ។ បង្ហាញសេចក្តីណែនាំសម្រាប់ការអនុវត្តកម្មវិធីបណ្តុះបណ្តាលទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងការប្រើប្រាស់សេចក្តីណែនាំនេះ ទៅដល់អ្នកចូលរួម ជាពិសេសគ្រូបង្គោលមកពីគ្រឹះស្ថាន អ.ប.វ.ទាំង៣៨។ផ្តល់ជូនវគ្គបណ្តុះបណ្តាលឡើងវិញលើមេរៀនទេសន្តរប្រវេសន៍ដោយសុវត្ថិភាពដល់គ្រូបង្គោលនៃគ្រឹះស្ថានអ.ប.វ.។ ឱ្យសាធារណជនចាប់អារម្មណ៍ពីសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹងអំពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព។

ឯកឧត្តម បណ្ឌិត ពេជ សោភ័ន បានឱ្យដឹងទៀតថា ការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាល បច្ចេក ទេស និងវិជ្ជាជីវៈ និងការផ្តល់ជូននូវលទ្ធភាពទទួលបានឱកាសការងារសមរម្យ និងប្រកបដោយ ផលិតភាពទាំងក្នុង និងក្រៅប្រទេសសម្រាប់ប្រជាជនកម្ពុជា ជាកម្លាំងចលករដ៏មានប្រសិទ្ធភាព សម្រាប់ការពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យរស់រវើកឡើង ក៏ដូចជា សម្រាប់ការចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីដែលកំពុងលេចឡើងស្របនឹងនិន្នាការ តំបន់ និងសកល ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្ម ក៏ដូចជាដើម្បី កសាងភាពធន់ដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ច។

ឯកឧត្តម បណ្ឌិត បានអះអាងដែរថា ទេសន្តរប្រវេសន៍ការងារ គឺជាមាគ៌ាឆ្ពោះទៅរកការផ្តល់ភាព អង់អាច និងលើកកម្ពស់ភាពធន់ផ្នែកសេដ្ឋកិច្ចរបស់ពលករទេសន្តរប្រវេសន៍ជាង ១. ៣លាននាក់ នៅក្នុងប្រទេសថៃ កូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី ហុងកុង និងអារ៉ាប៊ីសាអូឌីត។ ពលករទេសន្តរប្រវេសន៍ គឺជាកម្លាំងចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងសង្គមនៅប្រទេស កម្ពុជា តាមរយៈប្រាក់បញ្ញើ និងជំនាញដែលពួកគេទទួលបានពីការងារនៅប្រទេសទទួល។

ឯកឧត្តម ពេជ សោភ័ន បានអះអាងដែរថា នៅឆ្នាំ២០២១ ពលករទេសន្តរប្រវេសន៍កម្ពុជា បានផ្ញើ ប្រាក់បញ្ញើមកផ្ទះវិញជាង ៣ពាន់លានដុល្លារអាមេរិក ដែលចំនួននេះមានការកើនឡើងខ្លាំងជាង ប្រាក់បញ្ញើក្នុងឆ្នាំ២០២០ ដែលមានចំនួន ១,២ពាន់លានដុល្លារអាមេរិក ស្មើនឹង ៤.៩១៦ភាគរយ នៃផលិតសរុបក្នុងស្រុក។ មានពលករទេសន្តរប្រវេសន៍តែមួយភាគតូចប៉ុណ្ណោះ បានទទួលបានព័ត៌ មានស្តីពីទេសន្តប្រវេសន៍ដោយសុវត្ថិភាព និងការបណ្តុះបណ្តាលអភិវឌ្ឍន៍ ជំនាញក្នុងទម្រង់ណា​មួយ ទាំងការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញទន់ ពេញមួយវដ្តនៃដំណើរទេសន្តរប្រវេសន៍ របស់ពួកគេ។

ជាមួយគ្នានោះដែរឯកឧត្តម បណ្ឌិត ពេជ សោភ័ន ក៏បានគូសបញ្ជាក់ដែរថា ការយល់ដឹងអំពី ទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព នឹងជួយឲ្យអ្នកដែលមានបំណងចង់ធ្វើទេសន្តរប្រវេសន៍ ធ្វើការ សម្រេចចិត្តដោយប្រុងប្រយ័ត្ន និងប្រកបដោយព័ត៌មានត្រឹមត្រូវគ្រប់ជ្រុងជ្រោយផងដែរ៕