ឯកឧត្តម ហ៊ុន ម៉ានី អោយដឹងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត តែងតែមានការគាំទ្រយ៉ាងខ្លាំងពីយុវជន​ស្ម័គ្រចិត្ត ដែលជាកម្លាំងស្នូលយ៉ាងសំខាន់ក្នុងការជំរុញឲ្យ មហាព្រឹត្តិការណ៍មួយប្រព្រឹត្តទៅយ៉ាង រលូន

 (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានជូន ដំណើរយុវជនស្ម័គ្រចិត្តប្រមាណ៥០០នាក់ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងដែល ចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍អង្គរ សង្រ្កាន្តនាពេលដ៏ខ្លីខាងមុខនេះ។ ​នៅមានយុវជនស័្មគ្រចិត្ត នឹងចេញដំណើរនៅថ្ងៃបន្តបន្ទាប់ទៀត។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា «ព្រឹត្តិការណ៍អង្គរសង្រ្កាន្តតែងតែមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ក្រុមយុវជនស្ម័គ្រចិត្ត ដែលជាកម្លាំងស្នូលយ៉ាងសំខាន់ ក្នុងការជំរុញឲ្យមហាព្រឹត្តការណ៍ មួយប្រព្រឹត្តទៅយ៉ាងរលូន។ ពីមួយឆ្នាំទៅមួយឆ្នាំ អង្គរសង្រ្កាន្តត្រូវបានដឹកនាំអនុវត្តដោយឈរលើ គោលការណ៍ចូលរួមដោយស្ម័គ្រចិត្ត ពីយុវជនគ្រប់ទិសទី ដែលពួកគាត់បានធ្វើការងារនេះ តាំងពី ការរៀបចំគម្រោង ការអនុវត្ត និងការដឹកនាំទៅតាមក្រុមតាមផ្នែកតូចៗជាច្រើន»

ជារៀងរាល់ឆ្នាំ នៃការរៀបចំអង្គរសង្រ្កាន្ត យុវជនដែលចង់ស្ម័គ្រចិត្ត គឺមានលើសតម្រូវការ ជាក់ ស្តែងរបស់ក្រុមការងារ។ ដូច្នេះ ស.ស.យ.ក. តែងតែធ្វើការសម្ភាស ចម្រាញ់ និងសម្រាំងជាច្រើន ដំណាក់កាលដើម្បី ឲ្យសមស្របទៅតាមតម្រូវការងារ។ ជាងនេះទៅទៀត ក្រុមការងារជំនាញ តាមផ្នែកនីមួយៗ ក៏មានការកំណត់គុណវុឌ្ឍិក៏ដូចជាតួនាទី និងភារកិច្ចរបស់យុវជនស្ម័គ្រចិត្ត នីមួយៗយ៉ាងជាក់លាក់។ ទោះបីជាយុវជនចូលរួមជាការស្ម័គ្រចិត្តក៏ពិតមែន តែការអនុវត្តការងារគឺ មានភាពច្បាស់លាស់ ម្ចាស់ការ ដោយមានវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា ការងារស្ម័គ្រចិត្តព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ បានបង្កើតឱកាសសម្រាប់យុវជនសរុប ប្រមាណ ៥,០០០នាក់ ចូលរួមកិច្ចការសង្គម ដែលជាឱកាសរៀនសូត្រដ៏ល្អមួយសម្រាប់ពួកគាត់ក្នុង ការអភិវឌ្ឍទាំងជំនាញរឹង (ការសម្តែង ការលេងល្បែងប្រជាប្រិយ) និងជំនាញទន់ (ការដឹកនាំក្រុម ទំនាក់ទំនង ការដោះស្រាយឧបសគ្គ)។

មិនតែប៉ុណ្ណោះ វាក៏ជាឱកាសសម្រាប់យុវជនក្នុងការផ្សាភា្ជប់ទំនាក់ទំនង និងបង្កើតបណ្តាញទាក់ ទងដ៏ធំមួយ។ តាមរយៈបទពិសោធន៍ទាំងនេះ នឹងអាចធ្វើឲ្យពួកគេកាន់តែមានសមត្ថភាពក្នុងការ បំពេញការងារក្នុងវិជ្ជាជីវៈរបស់ខ្លួននៅអនាគតផងដែរ៕