(ប៉េកាំង)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ ២០២៣ បញ្ជាក់ថា ចិន នៅថ្ងៃចន្ទនេះ បានដឹកនាំការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតថ្ងៃទី៣ នៅក្បែរកោះតៃវ៉ាន់ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន លើ ទឹកដីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃអាទិត្យម្សិលមិញ យន្ដហោះចម្បាំងចិន និងនាវាចម្បាំងចិនបានដឹកនាំការធ្វើសមយុទ្ធ យោធាហាត់សមវាយប្រហារលើតៃវ៉ាន់។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃចន្ទនេះ យន្ដហោះ ចម្បាំងចិន ៧០គ្រឿង និងនាវាចម្បាំង១១គ្រឿង បានធ្វើសកម្មភាពយោធាក្បែរដែនកោះតៃវ៉ាន់ ហើយក្នុងនោះទៀតសោត មានយន្ដហោះចម្បាំង ៣៥គ្រឿង បានហោះឆ្លងកាត់ខ្សែ បន្ទាត់កណ្ដាល នៃតំបន់ច្រកសមុទ្រតៃវ៉ាន់និងបានហោះចូលក្នុងតំបន់ដែនកំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់៕
































