លោក គីម ជុងអ៊ុន អំពាវនាវឱ្យពង្រឹងសមត្ថភាពរារាំងសង្រ្គាម ខណៈស្ថានការណ៍តំបន់ឧបទ្វីបកូរ៉េ កាន់តែតានតឹង

 (សេអ៊ូល)៖  តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌ មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣បានអោយដឹងថា ​មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យយោធារបស់លោកពង្រឹងសមត្ថភាពរារាំងសង្រ្គាម ដើម្បីទប់ទល់នឹង អ្វីដែលលោកហៅថា ជាសកម្មភាពឈ្លានពានរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថាលោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់ ខាងលើនៅឯកិច្ចប្រជុំមួយនៃគណៈកម្មការយោធាមជ្ឈិម កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលបាន ពិភាក្សាពីកិច្ចខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរារាំងសង្រ្គាមរបស់កូរ៉េខាងជើង សំដៅប្រឈមមុខ ដោះស្រាយជាមួយ សកម្មភាពបង្កហេតុរបស់ចក្រពត្តិអាមេរិក និងអាយ៉ងជនក្បត់កូរ៉េខាងត្បូង ដើម្បីបង្កសង្រ្គាមឈ្លានពាន។ KCNA បន្ថែមថានៅក្នុងកិច្ចប្រជុំនោះ ក៏មានការជជែក គ្នាផងដែរ អំពីការត្រៀមលក្ខណៈ និងការប្រើប្រាស់វិធានការគ្រប់ជម្រើសទាំងអស់ប្រឆាំងនឹងសត្រូវ៕