រុស្ស៉ីទាត់ចោលការរិះគន់របស់ជប៉ុន ជុំវិញការធ្វើសមយុទ្ធយោធានៅតំបន់ប៉ាស៉ីហ្វិក

(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រុស្ស៉ីបានច្រានចោលការបញ្ចេញមតិរិះគន់របស់ជប៉ុន ចំពោះសកម្មភាពសមយុទ្ធយោធា​​នៃកងកម្លាំងយោធាជើងទឹករបស់ខ្លួន ប្រចាំនៅតំបន់ប៉ាស៉ីហ្វិក ដោយទីក្រុងមូស្គូបានលើកហេតុផលថា ខ្លួនត្រូវតែប្រុងប្រយ័ត្នជានិច្ចចំពោះ​ការគំរាមកំហែងគ្រប់ប្រភេទនៅក្នុងតំបន់ ស្របពេលដែលកំពុងផ្តោតលើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ហ៉ីរ៉ូកាហ៊្សុ ម៉ាត់ស៊ូណុ (Hirokazu Matsuno) កាលពីថ្ងៃដដែលនោះ បាននិយាយថា ទីក្រុងតូក្យូ​បានដាក់កំណត់ទូតតវ៉ាទៅកាន់ទីក្រុងមូស្គូ ជុំវិញការធ្វើសមយុទ្ធយោធារបស់កងកម្លាំងយោធាជើងទឹករុស្ស៉ី នៅក្បែរទីប្រជុំកោះមានជម្លោះ ដែលស្ថិតនៅកៀកនឹងកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន។ បញ្ហាវិវាទរវាងជប៉ុននិងរុស្ស៉ីជុំវិញតំបន់ទីប្រជុំកោះនោះ គឺបន្តមកតាំងពីក្រោយពេលបិទបញ្ចប់សង្រ្គាមលោកលើកទី២។ ក្នុងនាមជាសមាជិកនៃក្រុមប្រទេស G7 ជប៉ុនក៏បានចូលរួមជាមួយ​លោកខាងលិច ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី ជុំវិញវិបត្តិសង្រ្គាមអ៊ុយក្រែនផងដែរ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានឆ្លើយចំពោះការលើកឡើងរបស់លោក ម៉ាត់ស៊ូណុ ដោយ​និយាយថា សមយុទ្ធយោធាដែលរុស្ស៉ីបានធ្វើឡើងនៅតំបន់ប៉ាស៉ីហ្វិក គឺស្របទៅតាមច្បាប់អន្តរជាតិ ហើយលោកបានសង្កត់ធ្ងន់ដូច្នេះថា «ស្ថានការណ៍សកលលោកយើង បច្ចុប្បន្នគឺប្រកបដោយព្យុះភ្លៀងនៅតាមជ្រុងជាច្រើន ពោលគឺវាពោរពេញ​ទៅដោយស្ថានភាពជម្លោះ និងបញ្ហាវិវាទក្នុងតំបន់។ ពួកយើងទាំងអស់គ្នាដឹងច្បាស់ណាស់ ពីទីតាំងភូមិសាស្រ្តនៃជម្លោះនិងវិវាទ​ទាំងនេះ»