តួកគី ស៊ីរី រុស្ស៉ី និងអ៊ីរ៉ង់ បានជួបប្រជុំគ្នានៅទីក្រុងមូស្គូ ក្នុងការចរចាកម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមស៊ីរី

(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសតួកគី ស៊ីរី រុស្ស៊ី និងអ៊ីរ៉ង់ នៅថ្ងៃពុធនេះបានជួបប្រជុំគ្នានៅទីក្រុងមូស្គូ ក្នុងការចរចាកម្រិតខ្ពស់បំផុតរហូតមកដល់ពេលនេះ ស្តីពីការកសាងឡើងវិញនូវទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា និងក្រុងដាម៉ាស បន្ទាប់ពីមានជម្លោះជាច្រើនឆ្នាំក្នុងអំឡុងសង្គ្រាមស៊ីវិលស៊ីរី។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសារ Twitter រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយថាលោកបានសង្កត់ធ្ងន់ក្នុងអំឡុងពេលកិច្ចប្រជុំខាងលើ អំពីតម្រូវការចាំបាច់សម្រាប់ «កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងធ្វើការរួមគ្នាដើម្បីបង្កើតមូលដ្ឋានសម្រាប់ការវិលត្រឡប់របស់ប្រជាជនស៊ីរី»។

លោក Cavusoglu បានបន្តថា ការជំរុញដំណើរការនយោបាយនៅក្នុងប្រទេសស៊ីរី និងការការពារបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ក៏ជារៀបវារៈផ្សេងទៀតដែលត្រូវបានពិភាក្សាផងដែរ។