ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាល នឹងធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា ជំនួបថ្ងៃនេះមានកម្មករ-​កម្មការិនីចូលរួមសរុបចំនួន ១៨,០៥៧នាក់ មកពីរោងចក្រ សហ​គ្រា​សចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុង​ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

បើតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង១១ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោង​ចក្រកាត់​ដេរ​​ចំនួន៣, ផលិតផលធ្វើ​ដំណើរ និងកាបូបចំនួន២, បោះពុម្ពលើស្បែកជើងកីឡាចំនួន១, ផលិតសម្ភារការដូចំនួន១ និងផលិតជ័រ និងផ្លាស្ទិកចំនួន១។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស​កាណាដា ប្រទេសជប៉ុន។ល។

ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ កំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករ​និយោ​ជិតជាង ៥ម៉ឺន​នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន​២០ មានកម្មករនិយោជិត​សរុបជាង ៥០,៦២៩នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន២០ មានកម្មករ និយោជិតសរុប ៤៧,៥៨៥នាក់៕