(ខាទុំ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ អោយដឹងថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា និងការបាញ់ផ្លោងដោយកាំភ្លើងធំ បានផ្ទុះ ឡើងទូទាំងរដ្ឋធានីខាទុំ (Khartoum) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ខណៈការវាយ ប្រហារតាមផ្លូវអាកាសត្រូវបានរាយការណ៍ភ្លាមៗ ត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីការបិទបញ្ចប់ បទឈប់បាញ់ ដែលបាននាំមកនូវភាពស្ងប់ស្ងាត់ មួយរយៈពេលខ្លីនៃការប្រយុទ្ធគ្នារយៈពេល ៨សប្តាហ៍រវាងភាគីជម្លោះក្នុងប្រទេសស៊ូដង់។
ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) គឺមានកម្រិតធ្ងន់បំផុតក្នុង សប្តាហ៍កន្លងទៅនេះ ដែលរួមមានទាំងការប្រយុទ្ធគ្នានៅសង្កាត់ហាច យូសេហ្វ (Haj Youssef) ដែលមានប្រជាជនរស់នៅច្រើនជាងគេក្នុងទីក្រុងបាហ៍រី (Bahri) ដែលជាទីក្រុងមួយក្នុងចំណោម ទីក្រុងជាប់គ្នាចំនួន ៣បង្កើតជា រដ្ឋធានីខាទុំ ស្ថិតនៅជុំវិញចំណុចប្រសព្វនៃទន្លេនីល។

គ្រាន់តែបទឈប់បាញ់ផុតកំណត់នៅវេលាម៉ោង ៦ព្រឹក (ម៉ោងក្នុងតំបន់) ការប៉ះទង្គិចគ្នា និងការ បាញ់កាំភ្លើងធំបន្តកើតឡើង នៅភាគខាងជើងនៃទីក្រុងអូមឌូម៉ាន់ (Omdurman)។ ជាមួយគ្នានេះ ក៏មានការប្រយុទ្ធគ្នានៅឯភាគខាងត្បូង និងភាគកណ្តាលទីក្រុងខាទុំ រាប់ចាប់តាំងពីដងទន្លេនីល រហូតដល់ស្ពានឆ្លងកាត់ចូល ទៅក្នុងទីក្រុងអូមឌូម៉ាន់ផងដែរ៕
































