(ប្រាក)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ ២០២៣ គឺ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក ចូសេព វូ (Joseph Wu) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានជួបប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក ខណៈវាជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទ្វីបអឺរ៉ុប ដែលបានធ្វើឱ្យចិនបង្ហាញការមិនពេញចិត្ត។

លោក វូ ដែលស្ថិតក្នុងដំណើរទស្សនកិច្ចជាលើកទី២ មកកាន់ប្រទេសអឺរ៉ុបកណ្តាលមួយនេះ ដែល ជាសមាជិករបស់អង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) បានជួបពិភាក្សាគ្នាជាមួយលោក មីឡូស វីស្រ្ទើស៉ីល (Milos Vystrcil) ដែលជាអ្នកដឹកនាំកិច្ចប្រឹងប្រែងរបស់ប្រទេសឆែក ក្នុងការ កសាងទំនាក់ទំនងឱ្យជិតស្និទ្ធជាមួយតៃវ៉ាន់ ហើយក៏ធ្លាប់បានបំពេញទស្សនកិច្ចទៅកាន់ដែនកោះ នេះ កាលពីឆ្នាំ២០២០ ថែមទៀតផង។ លោក វូ បានមកទស្សនកិច្ចនៅសាធារណរដ្ឋឆែក ជាលើក ដំបូង កាលពីឆ្នាំ២០២១។
លោករដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ ក៏ត្រូវឡើងថ្លែងសុន្ទរកថា ក្នុងសន្និសីទសន្តិសុខមួយនៅទីក្រុង ប្រាក ដែលមានវត្តមានប្រធានាធិបតីឆែក លោក ប៉េត្រេ ប៉ាវែល (Petr Pavel) ចូលរួម ហើយ ក្រោយមកចូលរួមពិសាក្នុងជំនួបក្រៅផ្លូវការ ជាមួយប្រធានរដ្ឋសភាប្រទេសឆែក លោកស្រី ម៉ាកេតា ប៉េការ៉ូវ៉ា-អាដាម៉ូវ៉ា នាថ្ងៃពុធនេះផងដែរ។ បើតាមប្រភពបានបង្ហើបឱ្យដឹងនាពេលកន្លងមក លោក វូ ក៏នឹងត្រូវបន្តដំណើរទៅកាន់ទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក ដែលជាទីស្នាក់ការកណ្តាល របស់សហភាពអឺរ៉ុប ថែមទៀតផង៕
































