សម្ដេចតេជោ ហ៊ុន សែន ប្រកាសបន្ដជួបកម្មករ-និយោជិត ចំនួន១០លើកទៀត ក្រោយពេលបោះឆ្នោត ចាប់ពីថ្ងៃទី២៧ ខែកក្កដា


(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះ បានប្រកាសឲ្យដឹងថា ក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចនឹងបន្ដចុះជួបជាមួយនឹងកម្មករ-និយោជិត ចំនួន១០ លើកបន្ថែមទៀត។

ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន បន្តចុះជួបសំណេះ សំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្ម ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីការបោះឆ្នោតរួចហើយ យើងបោះ ឆ្នោតថ្ងៃទី២៣ ខែកក្កដា ចឹងថ្ងៃទី២៧ ខែកក្កដា ពូនឹងដើរជួប១០ទីកន្លែងគោលដៅទៀត»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះជួបជាមួយកម្មករ-និយោជិត មិនមែនដើម្បីតែសន្លឹក ឆ្នោតប៉ុណ្ណោះទេ តែជាការចុះជួប ដើម្បីសិក្សាដាក់ចេញនូវគោលនយោបាយនានា ដែលរាជរដ្ឋា ភិបាល ត្រូវផ្ដល់ជូនប្រជាពលរដ្ឋ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចុះជួបនេះ គឺជាផ្នែកនៃការ ត្រួតពិនិត្យមើលនូវវឌ្ឍនភាព និងអនុវត្ដនូវអនុសាសន៍ទាំងឡាយ ដែលរាជរដ្ឋាភិបាល ធ្លាប់បានដាក់ ឲ្យអនុវត្ដ ជាមួយនឹងការរកឃើញចំណុចថ្មីៗ ទាំងឡាយបន្ថែមទៀត ដើម្បីអាចដោះស្រាយបាន បញ្ហា ដែលជាបញ្ហាប្រឈមធំ របស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧៖០០ព្រឹក រហូតដល់ម៉ោង៣៖០០រសៀល។

ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណ ប័ណ្ណសញ្ញាតិខ្មែរមានសុពលភាព (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ)៕