(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងឆ្នាំ២០២២ មាន ករណីឆ្លងថ្មីនៃមេរោគអេដស៍នៅកម្ពុជាចំនួន១,៤០០ករណី ដែលកើនលើសឆ្នាំ២០២១ដល់ ទៅ៣០០ករណី ដូច្នេះសម្ដេចតេជោក៏បានអំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងបុគ្គលិកសុខាភិបាលទូទាំងប្រទេសចូលរួមទប់ស្កាត់ការឆ្លងមេរោគ/ជំងឺអេដស៍នេះឡើងវិញ។

ការអំពាវនាវយ៉ាងដូច្នេះរបស់សម្ដេចតេជោ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជា មួយកម្មករ /កម្មការិនីប្រមាណជិត២ម៉ឺននាក់ នៅក្រុងច្បារមន និងស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងជំងឺអេដស៍ថា នៅឆ្នាំ២០២២ មានករណីឆ្លងថ្មីនៃមេរោគអេដស៍នៅកម្ពុជាចំនួន១,៤០០ ករណី ដែលកើនលើសឆ្នាំ២០២១ដល់ទៅ៣០០ករណី ហើយភាគច្រើនកើតលើអ្នកស្រឡាញ់ ភេទដូចគ្នា ពិសេសប្រុសនិងប្រុស។

សម្ដេចតេជោបានបន្តថា តាមរយៈការដាក់ចេញគោលនយោបាយទប់ស្កាត់របស់រាជរដ្ឋាភិបាល ជំងឺអេដស៍នេះបានថមថយនៅក្នុងប្រទេសកម្ពុជាយ៉ាងប្រសើរទៅហើយ ប៉ុន្តែបែរជាមកកើនឡើង ក្នុងដំណាក់កាលចុងក្រោយនេះវិញ ដែលទាមទារឱ្យគ្រប់គ្នានៅទូទាំងប្រទេសមានការប្រុងប្រយ័ត្ន និងបង្កើនវិធានការទប់ស្កាត់។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលជាកង្វល់ គឺការឆ្លងមេរោគអេដស៍ ដែលមានការកើន ឡើងដល់ទៅ៣០០ករណី, នៅឆ្នាំ២០២២ មានករណីឆ្លង១៤០០ករណី គឺកើនលើសឆ្នាំ២០២១ដល់ ទៅ៣០០ករណី ភាគច្រើនកើតលើអ្នកយកភេទដូចគ្នា ពិសេសប្រុសនិងប្រុស….ជំងឺអេដស៍មិនទាន់ អស់ពីកម្ពុជានោះទេ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្ន»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា នៅប្រទេសកម្ពុជាគ្មានការរើសអើងចំពោះអ្នក ស្រឡាញ់ភេទដូចគ្នានោះទេ ហើយច្បាប់នៅកម្ពុជាក៏គ្មានការហាមឃាត់មិនឱ្យស្រឡាញ់ភេទដូច គ្នាដែរ គ្រាន់តែច្បាប់មិនអនុញ្ញាតឱ្យប្រជាជនដែលមានភេទដូចគ្នារៀបការនឹងគ្នានោះឡើយ។
សម្ដេចតេជោក៏បានអំពាវនាវដល់សាធារណជនទូទៅ សូមកុំមានការរើសអើងចំពោះអ្នកស្រឡាញ់ ភេទដូចគ្នាឱ្យសោះ និងគួរផ្ដល់ឱកាសការងារសម្រាប់ពួកគេ រាប់អានគ្នាធម្មតាក្នុងភាពជាប្រជា ជាតិតែមួយ។
សម្ដេចតេជោបានក្រើនរំឭកថាចំពោះអ្នកដែលមានដៃគូភេទដូចគ្នាក៏ត្រូវមានវិធានការការពារខ្លួនពីមេរោគនិងជំងឺអេដស៍ដែរ។ ក្នុងករណីសង្ស័យថាមានជំងឺអេដស៍ ត្រូវទៅធ្វើតេស្ដជាបន្ទាន់ ដើម្បី ទទួលបានសេវាព្យាបាល។

នាយករដ្ឋមន្ត្រីដែលគិតគូរពីសុខមាលភាពប្រជាជនក៏បានបង្ហាញក្ដីសង្ឃឹមថា ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងបុគ្គលិកសុខាភិបាលទូទាំងប្រទេសនឹងចូលរួមអនុវត្តវិធានការការពារខ្លួន ដើម្បីទប់ស្កាត់ការឆ្លងមេរោគ/ជំងឺអេដស៍នេះឱ្យថមថយចេញពីប្រទេសកម្ពុជាវិញ ក៏ដូចជាបង្កើន ការយកចិត្តទុកដាក់ចំពោះអ្នកផ្ទុកជំងឺអេដស៍ឱ្យបានត្រឹមត្រូវផងដែរ៕

































