លោក ចូ បៃដិន បបួលនាយករដ្ឋមន្រ្តីអ៉ីតាលី ជួបគ្នានៅសេតវិមាន នៅខែក្រោយ


(វ៉ាស៉ីនតោន)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ បញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ សប្តាហ៍នេះបានសន្ទនាជាមួយលោកស្រី ចចជៀ ម៉េឡូនី (Giorgia Meloni) អំពីការបះបោររបស់ ទាហានស៊ីឈ្នួលរុស្ស៉ី ប្រឆាំងនឹងវិមានក្រឹមឡាំង និងបានអញ្ជើញលោកស្រីបំពេញទស្សនកិច្ច មកកាន់សេតវិមានក្នុងខែកក្កដា។

សេតវិមាន បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន បានបើកកិច្ចពិភាក្សាជាមួយ សម្ព័ន្ធមិត្តសំខាន់ៗអំពីព្រឹត្តិការណ៍នៅក្នុងប្រទេសរុស្ស៉ី ហើយ ជំនួបតាមទូរស័ព្ទជាមួយលោកស្រី ម៉េឡូនី គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនេះដែរ។ មេដឹកនាំទាំងពីរ បានបញ្ជាក់ពីការគាំទ្រមិនងាក រេចំពោះអ៊ុយក្រែន។ លើសពីនេះទៅទៀត លោក បៃដិន និងលោកស្រី ម៉េឡូនី ក៏បានពិភាក្សាអំពី ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលណាតូ (NATO) ដែលគ្រោងធ្វើឡើង នៅទីក្រុងវីលនីញូស (Vilnius) នៃប្រទេសលីទុយអានី នៅខែកក្កដាខាងមុខនេះ រួមទាំងការវិវត្តថ្មីៗនៅឯអាហ្វ្រិក ខាងជើងផងដែរ៕