តៃវ៉ាន់ ប្រទះឃើញនាវាចម្បាំងរុស្ស៉ី ២គ្រឿង នៅក្បែរតំបន់ឆ្នេររបស់ខ្លួន


 (តៃប៉ិ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ គឺ​ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថាកងកម្លាំងរបស់ខ្លួនបានប្រទះឃើញនាវា ចម្បាំង២គ្រឿងរបស់រុស្ស៉ី ធ្វើដំណើរនៅក្បែរតំបន់ឆ្នេរ ភាគខាងកើតរបស់តៃវ៉ាន់ កាលពីថ្ងៃអង្គារ ហើយបានដាក់ពង្រាយនាវាស៊ើបការណ៍ និងយន្ដហោះចម្បាំង ដើម្បីតាមដានសកម្មភាពនាវា ចម្បាំងរុស្ស៉ី ទាំង២គ្រឿងនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ដែរថានាវាចម្បាំងរុស្ស៉ីទាំង២គ្រឿងខាងលើ បានធ្វើដំណើរពីភាគខាងត្បូង ឆ្ពោះ ទៅភាគខាងជើងក្នុងដែនទឹក ក្បែរតំបន់ឆ្នេរភាគ ខាងកើតរបស់តៃវ៉ាន់ នៅម៉ោងប្រហែល ១១នាទីយប់ (ម៉ោងក្នុងតំបន់)។ យោធាតៃវ៉ាន់បានតាមដាន សកម្មភាពនាវាចម្បាំងទាំងនេះ តាមរយៈការចល័តយន្ដហោះចម្បាំង និងនាវាចម្បាំង ព្រមទាំងដាក់ឱ្យដំណើរការប្រព័ន្ធមីស៊ីលប្រឆាំងនាវាចម្បាំង ដើម្បីតាមឃ្លាំមើល។ ប៉ុន្តែ ខាងក្រសួងការពារជាតិតៃវ៉ាន់ មិនបានលម្អិតថាតើនាវាចម្បាំងរុស្ស៉ីស្ថិតនៅចម្ងាយប៉ុន្មាន ពីតំបន់ឆ្នេររបស់តៃវ៉ាន់នោះទេ៕