សម្តេច ម៉ែន សំអន ជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រឹងសន្តិសុខតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ខណៈសម្តេចតេជោ បានបញ្ជាឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលហោះចូលទឹកដីកម្ពុជា

 (ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រឹងសន្តិសុខតាម បន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ខណៈសម្តេចតេជោ បានបញ្ជាឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្ស បើក ដែលបានហោះចូលទឹកដីកម្ពុជា បើទោះបីជាខេត្តស្វាយរៀង ពុំទាន់ជាខេត្តគោលដៅរបស់ក្រុម ភេរវករ ប៉ុន្តែត្រូវការពារក្នុងនាមជាខេត្តដែលមានព្រំដែនជាប់នឹងប្រទេសវៀតណាម។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈដែលសម្តេចបានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៥រួមមានទី១៖ ប៉ុស្តិ៍នគរបាល រដ្ឋបាល ស្វាយតឿ, ទី២៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល ពោធិ៍តាហោ, ទី៣៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្ឃ័រ, ទី៤៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សែត្រ និងទី៥៖ ប៉ុស្តិ៍នគរបាលជ្រុងពពេល នារសៀលថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ថវិកាចំណាយក្នុងការសាងសង់ស្នាក់ការប៉ុស្តិ៍ទាំង៥ មានចំនួន  ១០៤,១៨៣ដុល្លារ បូករួមទាំងការធ្វើរបង។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានរាយការណ៍អំពីវឌ្ឍនភាព និងលទ្ធផលការងារ ក្នុងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កន្លងមកទទួលបាន នូវលទ្ធផលល្អគួរជាទីមោទនៈ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសហ្គហបណ្ឌិត បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចូល រួមពង្រឹង និងអនុវត្តន៍ឱ្យបាននូវលក្ខណៈសម្បត្តិទាំង ៧ចំណុចរបស់គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។

សម្តេចកិត្តិសហ្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា «អាជ្ញាធរ និងសមត្ថកិច្ចដែលពាក់ព័ន្ធទាំង អស់ត្រូវ ការពារឱ្យបាននូវសន្តិសុខ និងត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ថ្ងៃនេះ ដែលសម្តេចតេជោ បានបញ្ជាឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា ជាពិសេស នៅភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ជាប់ព្រំប្រទល់វៀតណាម ដើម្បីធានានូវ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពតាមបន្ទាត់ព្រំដែន»។

បន្ថែមលើសពីនេះសម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទាំងអស់គ្នា ដើម្បី ធានានូវសុខសន្តិភាព និងធានានូវការអភិវឌ្ឍ៕