(ឡាអេ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ អោយដឹងថា បណ្ដាប្រទេសជាសមាជិកបក្សសម្ព័ន្ធយោធា NATO ក្នុងតំបន់អឺរ៉ុបខាង កើត នៅថ្ងៃអង្គារ សប្ដាហ៍នេះបានព្រមានថាវត្តមានរបស់ទាហានស៊ីឈ្នួល រុស្ស៉ី Wagner នៅលើ ទឹកដីបេឡារុស នឹងបង្កជាអស្ថិរភាពក្នុងតំបន់ ប៉ុន្តែអគ្គលេខាធិការ NATO លោក Jens Stoltenberg បាននិយាយថាបក្សសម្ព័ន្ធ យោធាលោកខាងលិចមួយនេះ បានត្រៀមលក្ខណៈរួចជា ស្រេចដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងទាំងឡាយ។

ថៅកែទាហានស៊ីឈ្នួល Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន បានធ្វើដំណើរទៅដល់ប្រទេស បេឡារុសហើយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្រោយមាន កិច្ចចរចាបញ្ចប់ការបះបោរប្រឆាំងនឹង វិមានក្រឹមឡាំង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រោមការសម្របសម្រួលពីលោកប្រធានាធិបតី បេឡារុស អាឡិចសាន់ឌឺ លូកាសិនកូ។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតី ពូទីន ក៏បានផ្ដល់ ជម្រើសឱ្យទាហាន Wagner អាចទៅរស់នៅក្នុងប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្ត របស់រុស្ស៉ី ផងដែរ។
ប៉ុន្តែ បណ្ដាប្រទេសជាសមាជិកបក្សសម្ព័ន្ធយោធា NATO ក្នុងតំបន់អឺរ៉ុបខាងកើតបានបង្ហាញក្ដី ព្រួយបារម្ភចំពោះវត្តមានទាហានស៊ីឈ្នួលរុស្ស៉ី នៅបេឡារុស។ ថ្លែងនៅបន្ទាប់ពីជំនួបជាមួយលោក Stoltenberg និងមេដឹកនាំមកពីប្រទេស NATO ចំនួន៦ផ្សេងទៀត ក្នុងទីក្រុងឡាអេ កាលពីថ្ងៃ អង្គារ ទី២៧ ខែមិថុនា ប្រធានាធិបតីលីទុយអានី លោក ហ្ស៉ីតាណាស់ ណូសេដា (Gitanas Nauseda) បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើ Wagner ដាក់ពង្រាយទាហានជា ឧក្រិដ្ឋជនរបស់ ពួកគេក្នុងប្រទេសបេឡារុស នោះបណ្ដាប្រទេសក្បែរខាង (បេឡារុស) ទាំងអស់នឹងត្រូវប្រឈម មុខនឹងអស្ថរិភាពដ៏គ្រោះថ្នាក់បំផុត»។ ក្រៅពី លោក ណូសេដា ប្រធានាធិបតីប៉ូឡូញ លោក ឌូដា ក៏បានបង្ហាញពីក្ដីកង្វល់ផងដែរ ដោយលោកសង្កត់ធ្ងន់ថាវត្តមានទាហាន Wagner លើទឹកដី បេឡារុស គឺជាកង្វល់មួយដ៏ធំ ដែលតម្រូវឱ្យ NATO ត្រូវតែធ្វើការសម្រេចចិត្តយ៉ាងរឹងមាំបំផុត។
តែយ៉ាងណាក៏ដោយ អគ្គលេខាធិការ NATO លោក Jens Stoltenberg បាននិយាយថាវាដូច ជាលឿនពេក ក្នុងវាយតម្លៃពីហានិភ័យបង្កឡើងដោយវត្តមាន ទាហាន Wagner លើទឹកដីបេឡា រុស ចំពោះសម្ព័ន្ធមិត្ត NATO ខណៈបក្សសម្ព័ន្ធយោធាមួយនេះបានបង្កើន និងពង្រឹងយោធា របស់ខ្លួនក្នុង តំបន់អឺរ៉ុបខាងកើត នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕































