សម្ដេចតេជោ ហ៊ុន សែន នៅតែប្រកាន់ជំហរមិនលើកលែងទោសឲ្យអ្នកណាទាំងអស់ ដោយសារ មិនទុកចិត្តបរទេសចូលចិត្តចាប់ដៃជាន់ជើង

(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានៅតែប្រកាន់ជំហរដាច់ណាត់ដោយមិនលើកលែងទោសឲ្យអ្នកណាទាំងអស់ ពិសេសអ្នកដែលពាក់ព័ន្ធជាមួយជនបរទេស។ ការណ៍នេះដោយសារតែសម្ដេចមិនទុកចិត្ត បរទេសទាំងឡាយ ដែលចូលចិត្តប្រើប្រាស់ស្ដាយ ចាប់ដៃ ជាន់ជើង។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបប្រមាណ១៨,៣១៣នាក់ទៀត មកពីរោងចក្រ សហគ្រាស ចំនួន១៧ដែលកំពុង ដំណើរការអាជីវកម្ម ក្នុងរាជធានីភ្នំពេញ។

ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ត្រង់ទៅកាន់អ្នកនាង សេង ធារី ឬសម្ដេច ហៅថា អប្សរាក្បាលត្រងោល ដែលកំពុងអនុវត្តទោសនៅពន្ធនាគារខេត្តព្រះវិហារ និងម្នាក់ទៀត បើទោះបីមិនបញ្ចេញឈ្មោះ ប៉ុន្ដែគេអាចសន្និដ្ឋានបានថា គឺលោក កឹម សុខា អតីតប្រធាន នៃអតីត គណបក្សសង្គ្រោះជាតិ ដែលកំពុងអនុវត្តទោសនៅក្នុងផ្ទះដូចគ្នានេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបានប្រាប់ហើយ មូលហេតុដែល មនុស្សនោះ (កឹម សុខា) ជាប់គុកដោយសារអ្នកទាំងឡាយស្រលាញ់ពិរុទ្ធជនពេក គេកំពុងស្រាវជ្រាវ មនុស្សនោះឃុបឃិតជាមួយបរទេស បរទេសនាំគ្នាទៅសួរសុខទុក្ខ រួចហើយនាំចូលតាមស្ថានទូត លោកឯងចាប់ដៃជាន់ជើងខ្ញុំ រឿងអីខ្ញុំ ទៅទុកចិត្តលោកឯង ខ្ញុំមិនលើកលែងទោសដោយសារខ្ញុំអត់ទុក ចិត្តបរទេស ដែលមានបំណងបំផ្លាញខ្ញុំ ម៉ោងនេះធ្វើអីខ្ញុំ»

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ចាប់ពីម៉ោងនេះទៅអ្នកណាក៏ដោយឲ្យតែមាន អន្ដរាគមន៍ពីបរទេស ត្រូវជាប់ពន្ធនាគារឲ្យគ្រប់ថ្ងៃ ដោយមិនមានការបន្ធូរបន្ថយ ហើយមិនត្រូវដាក់ ចូលក្នុងបញ្ជីការបន្ធូរបន្ថយ និងលើកលែងទោសឲ្យសោះ។ សម្ដេចបានអះអាងថា ការអនុវត្តបែប នេះ ដើម្បីទប់ស្កាត់ការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ក្នុងករណីអ្នកទោសនោះមានសញ្ជាតិពីរ ពេលដែលមកប្រទេសកម្ពុជាត្រូវតែអនុវត្ដតាមច្បាប់របស់កម្ពុជា មិនមែនតាមច្បាប់របស់បរទេស ទាំងឡាយ។ តាមរយៈការអនុវត្តបែបនេះ សម្ដេចតេជោជឿជាក់ថា មិត្តភ័ក្របរទេសមួយចំនួនច្បាស់ ជាដកពិសោធន៍បានហើយ ហើយថ្ងៃក្រោយមិនគួរលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាទៀតឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ករណី សេង ធារី ឬអប្សរាក្បាលត្រងោល ដែលកំពុង ជាប់ពន្ធនាគារនៅខេត្តព្រះវិហារ កន្លងទៅថ្មីៗនេះ ចង់ធ្វើកូដកម្មបង្អត់អាហារទៀត ប៉ុន្ដែរាជរដ្ឋាភិ បាលមិនបានខ្វាយខ្វល់យកចិត្តទុកដាក់នោះឡើយ ពោលសម្ដេចគ្រាន់តែចង់បញ្ជាក់ថា ចង់ធ្វើអ្វី ក៏សម្ដេចដឹងដែរ ហើយភ័ស្ដុតាងត្រូវបានរក្សាទុកជានិច្ច៕