ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

 (ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញចុះជួប សំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហ គ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយ​កម្មករ កម្មការិនីនៅស្រុក អង្គស្នួលចំនួន៣លើករួចមកហើយកាល​ពីឆ្នាំ​២០១៨ និង២០១៩។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា រោងចក្រ សហគ្រាសទាំង១១ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេច តេជោនេះ ជាប្រភេទរោង​ចក្រកាត់​ដេរ​សម្លៀកបំពាក់​ចំនួន៤, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន៣, បោះពុម្ពលើសម្លៀកបំពាក់ចំនួន២ និងដេរស្បែកជើងចំនួន២។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសអូស្ត្រាលី។ល។

ការប្រឹងប្រែងស្វែងរកការងារជូនប្រជាពលរដ្ឋ ជាគោលនយោបាយដ៏ចាំបាច់មួយ​របស់​រាជរដ្ឋាភិ​បាលកម្ពុជា។ ក្រៅតែពីរកការងារជូនប្រជាពលរដ្ឋហើយនោះ រាជរដ្ឋាភិបាល ក៏នៅគិតថែមទៀតថា តើត្រូវធ្វើបែបណា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលទៅធ្វើការងារឆ្ងាយផ្ទះ?

ផ្តើមចេញពីហេតុផលនេះហើយ ទើបនៅឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន បាន​ដាក់​ចេញ​គោលនយោបាយពង្រាយរោងចក្រចុះទៅតាមខេត្ត ដើម្បីផ្តល់ការងារនៅ​ជិត​ផ្ទះរបស់ប្រជាពលរដ្ឋ។

ខេត្តកណ្តាល គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ​និយោ​ជិត ជាង ១៥ម៉ឺន ៣ពាន់​នាក់ ទទួលបានប្រាក់ឈ្នួល មធ្យមសរុបប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យ កាត់​ដេរ​ចំនួន១៧១ មានកម្មករនិយោជិត​សរុបជាង ១៣ម៉ឺន ២ពាន់នាក់ ទទួលបានប្រាក់ឈ្នួល មធ្យមសរុបប្រមាណជិត ៤១២លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ខេត្តកណ្តាល ជាខេត្តទី៣ ដែល មានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕