ឯកឧត្តម ថោង ខុន ជំរុញឱ្យក្រុមការងារមូលដ្ឋានស្រុកបារាយណ៍ ជួយសម្របសម្រួលដល់ប្រជាពល រដ្ឋឱ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា


 (កំពង់ធំ)៖ ឯកឧត្តម ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ បានជំរុញក្រុមការងារថ្នាក់មូលដ្ឋាន រួមមាន មេឃុំ មេភូមិ និងភាគីពាក់ព័ន្ធនានា ត្រូវសហការគ្នាជួយសម្របសម្រួល ដើម្បីផ្តល់ភាពងាយ ស្រួលជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីឱ្យពួកគាត់ទទួលបានសិទ្ធក្នុងការទៅបោះឆ្នោតឱ្យបាន គ្រប់ៗគ្នា។

ឯកឧត្តម ថោង ខុន បានលើកឡើងបែបនេះនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣​ នៅក្នុងពិធីជួប សំណេះសំណាលជាមួយបណ្តា មេឃុំ មេភូមិ និងភ្នាក់ងារគណៈបក្សស្រុកបារាយណ៍ និងដោយ មានចូលរួមពី លោក អួង សារឿន អភិបាលស្រុកបារាយណ៍ និងក្រុមការងារចុះជួយមូលដ្ឋានស្រុក បារាយណ៍ សរុបប្រមាណ៤៣៨រូប។

ឯកឧត្តម ថោង ខុន បានណែនាំឱ្យក្រុមការងារថ្នាក់មូលដ្ឋានទូទាំងបារាយណ៍ រួមមាន មេឃុំ មេភូមិ និងភ្នាក់ងារគណបក្សនយោបាយនានា ចុះតាមខ្នងផ្ទះណែនាំពលរដ្ឋ ដែលបានបាត់ ឬខូច ឬកែ តម្រូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញគាត់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បី បម្រើការបោះឆ្នោត ឬហៅថា ធ្វើបណ្ណ ឯ.អ ដើម្បីឲ្យគាត់ទទួលបានសិទ្ធចូលរួមបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងនេះ៕