(វ៉ាស៉ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ បញ្ជាក់ថា នៅក្នុងការច្រឡំពាក្យសម្តីថ្មីមួយទៀត ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កំពុងតែទទួលបរាជ័យក្នុងសង្រ្គាមនៅប្រទេសអ៉ីរ៉ាក់ នៅពេលដែលលោកចង់សំដៅលើអ៊ុយក្រែន។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលលោករៀបចាកចេញពីសេតវិមាន ក្នុងការធ្វើដំណើរមួយ ទៅកាន់ទីក្រុងឈីខាហ្គោ (Chicago) លោក បៃដិន ត្រូវបានគេសាកសួរថា តើលោក ពូទីន បានចុះទន់ខ្សោយដែរឬទេ បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍បះបោររយៈពេលខ្លីថ្មីៗនេះ ដឹកនាំដោយមេ ទាហានស៉ីឈ្នួលរុស្ស៉ី Wagner ដែលកងកម្លាំងបានចូលរួម ក្នុងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។

លោកប្រធានាធិបតីអាមេរិក បានឆ្លើយតបយ៉ាងដូច្នេះថា «វាពិបាកក្នុងការនិយាយឱ្យច្បាស់ណាស់។ ប៉ុន្តែអ្វីដែលជាក់ស្តែង គឺលោក ពូទីន កំពុងបរាជ័យក្នុងសង្រ្គាមនៅអ៉ីរ៉ាក់ ហើយក៏កំពុងតែចាញ់ សង្រ្គាមនៅក្នុងប្រទេសខ្លួនឯងផងដែរ ខណៈនៅជុំវិញពិភពលោក លោក ពូទីន បានក្លាយជាបុគ្គល ដែលហាក់លែងសូវមានអ្នករាប់រកតទៅទៀតហើយ ដោយវាមិនមែនតែអង្គការណាតូ (NATO) ឬសហភាពអឺរ៉ុបទេ គឺមានប្រទេសជាច្រើនទៀត ដូចជាជប៉ុនជាដើម»។
ខាងលើគឺជាការនិយាយច្រឡំមាត់ជាលើកទីពីររបស់លោក ក្នុងចន្លោះពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ។ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក បានកែតម្រូវខ្លួនឯង កំលុងព្រឹត្តិ ការណ៍មួយ ដោយលោកនិយាយពីចិន នៅពេលលោកចង់សំដៅលើឥណ្ឌា។ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ទើបតែបានមកបំពេញទស្សនកិច្ចនៅសេតវិមាន កាលពីមួយសប្តាហ៍មុន។
ពេលនោះ លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា «អ្នកទាំងអស់គ្នាប្រហែលជាបានឃើញ មិត្ត ភក្តិសម្លាញ់ថ្មីរបស់ខ្ញុំហើយ គឺនាយករដ្ឋមន្រ្តីនៃប្រទេសតូចមួយ ដែលឥឡូវជាប្រទេសធំបំផុតនៅ លើពិភពលោក នោះគឺចិន… សូមទោសខ្ញុំចង់បានន័យថាឥណ្ឌា។ ឥណ្ឌាមិនកំពុងស្វែងរកសម្ព័ន្ធភាពអចិន្រ្តៃយ៍មួយនោះទេ ប៉ុន្តែពួកគេកំពុងស្វែងរកការការពារខ្លួននៅ ក្នុងតំបន់»៕































