សម្ដេចចៅហ្វាវាំង គង់ សំអុល សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុង ១កន្លែងប្រវែង៩០ម៉ែត្រ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

 (កំពង់ឆ្នាំង)៖ ស្ពានបេតុង ១កន្លែងប្រវែង ៩០ម៉ែត្រ ទទឹង៨ម៉ែត្រ និងផ្លូវក្រាលក្រួសក្រហម តភ្ជាប់ក្បាលស្ពានទាំងសងខាង ប្រវែង២០០ម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

ពិធីនេះបានធ្វើឡើងនៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមាន ការអញ្ជើញចូលរួមពីបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើន កុះករ។

សម្ដេចចៅហ្វាវាំង គង់ សំអុល បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះប្រជាពល រដ្ឋនៅស្រុកកំពង់ត្រឡាច ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង ដែលទទួលបានសមិទ្ធផល ថ្មីនេះ។

សម្ដេចចៅហ្វាវាំង បានលើកឡើងពីសារៈប្រយោជន៍នៃស្ពាននេះ ដែលបំរើផ្នែកសេដ្ឋកិច្ច និងសង្គម មានសក្ដានុពលសម្រាប់ការទំនាក់ទំនង ទទួលសេវាសង្គម និងសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្ដស្រុកកំពង់ត្រឡាច និងស្រុកជលគិរី នៃខេត្តកំពង់ឆ្នាំង ។

ជាមួយគ្នានេះ សម្ដេចចៅហ្វាវាំង បានជម្រាបជូនពីព្រះរាជសាររបស់ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិឲ្យ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញនូវកាតព្វកិច្ចជាពលរដ្ឋ ។

ជាមួយនេះសម្ដេចបានលើកឡើងពីសមិទ្ធផលនានាជាច្រើន របស់រាជរដ្ឋាភិបាល ទាំងវិស័យពុទ្ធ ចក្រ និងអាណាចក្រ ក្នុងនោះមាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ទីវត្តអារាម និងសមិទ្ធផលជាច្រើនទៀតនៅទូទាំងប្រទេស ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល មានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ សមិទ្ធផលជាប្រវត្តិសាស្រ្ដទាំងអស់នេះ គឺកើតចេញពីផ្លែផ្កានៃសន្តិភាព បើគ្មានសុខសន្តិភាពទេ នោះយើងក៏គ្មានឱកាសអភិវឌ្ឍន៍ប្រទេសជាតិដែរ។

រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការលើកកម្រិតកម្ពស់ផ្លូវជនបទ ពីផ្លូវក្រាលក្រួស ក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុង ស្ពានឈើ ឬស្ពានដែក ឲ្យទៅជាស្ពានបេតុង ដើម្បីធានា ដល់ការប្រើប្រាស់បានគ្រប់រដូវកាល ជាក់ស្ដែងស្ពានស្ទឹងស្ងួតប្រវែង ៩០ម៉ែត្រ ដែលយើងកំពុង ប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា និងបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បី​បន្តគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ដែលមាន លេខរៀងទី១៨ និងដើម្បីបន្តគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេល អនាគត។

លោក គង់ ភឿន ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ ជនបទ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានផ្លូវលំជនបទ បានធ្វើការសិក្សា និងបានចាប់ផ្ដើម សាងសង់ ស្ពានស្ទឹងស្ងួតនេះ កាលីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ហើយបានបញ្ចប់នៅនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ចំណាយថវិកាសរុប ៤ ៥០០លានរៀល ជារបស់រាជរដ្ឋាភិបាល អនុវត្តដោយ ក្រសួងអភិវឌ្ឍន៍ជនបទ៕