(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៣នេះ បានប្រកាសដាក់ចេញ នូវកម្មវិធីឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំ ដល់មន្ត្រីរាជការ មន្ត្រីកម្មសិក្សា មន្ត្រីជាប់កិច្ចសន្យា ជាស្ត្រី ឱ្យទទួលបានប្រាក់ឧបត្ថម្ភ និងអត្ថ ប្រយោជន៍ផ្សេងៗ ដូចគ្នាទៅនឹងកម្មការិនី និងស្ត្រីក្រីក្រមានផ្ទៃពោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំអនុក្រឹត្យដាច់ដោយឡែកមួយទៀត ដើម្បីអនុវត្តន៍កម្មវិធីឧបត្ថម្ភជូនស្ត្រី មានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំ សម្រាប់មន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងពេលឆាប់ៗខាងមុខ។
ចំពោះសម្រាប់ស្ត្រីជានគរបាល និងទាហានវិញ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដើម្បី ពិនិត្យ និងដាក់ចេញនូវកម្មវិធីឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំនេះ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា បើការប៉ាន់ស្មានការឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ ២ឆ្នាំ ដល់មន្ត្រីរាជការ មន្ត្រីកម្មសិក្សា មន្ត្រីជាប់កិច្ចសន្យា ជាស្ត្រី ក្នុង១ឆ្នាំចំណាយថវិកាខ្ទង់៣លាន ដុល្លារអាមេរិក។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំយកឱកាសនេះប្រកាសជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា មន្ត្រីជាប់កិច្ចសន្យា ជាស្ត្រីទាំងអស់ នៅពេលមានផ្ទៃពោះ នឹងទទួលបានកម្មវិធី ឧបត្ថម្ភដូចគ្នាទៅនឹងកម្មការិនីមានផ្ទៃពោះដែរ […] គោលនយោបាយគាំពារសង្គម ត្រូវបានដាក់ចេញ ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបជាមួយបញ្ហាសុខុមាលភាពរបស់ប្រជាជន»។

សូមជម្រាបថា សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំ ដែលបាន អនុវត្តចាប់តាំងខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងបន្តអនុវត្តន៍កម្មវិធីនេះ ដោយកម្មការិនី និងស្ត្រីក្រីក្រមានផ្ទៃពោះ ទទួលបានការឧបត្ថម្ភសរុប ៧៦ម៉ឺនរៀល។ ការឧបត្ថម្ភថវិកា ៧៦ម៉ឺនរៀលនេះចែកជា ៣ដំណាក់កាល។ ដំណាក់កាលទី១ គឺនៅពេលមាន ផ្ទៃពោះ គឺត្រូវផ្តល់ប្រាក់ចំនួន ៤ដង មួយដង ៤ម៉ឺនរៀល, ដំណាក់កាលទី២ គឺនៅពេលសម្រាល ត្រូវផ្តល់ប្រាក់ ២០ម៉ឺនរៀល និងដំណាក់កាលទី៣ គឺនៅក្រោយពេលសម្រាល រហូតដល់កូនអាយុ ក្រោមពីរឆ្នាំ គឺត្រូវផ្តល់ប្រាក់ចំនួន ១០ដង ក្នុងមួយដង ៤ម៉ឺនរៀល។

ប៉ុន្តែចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣តទៅ រាជរដ្ឋាភិបាលនឹងកម្រិតប្រាក់ឧបត្ថម្ភថ្មី សម្រាប់កម្មករ និយោជិតជាស្រ្តី គឺទទួលការបើកផ្តល់ប្រាក់ ៨០ ០០០ រៀលក្នុង១ដង សម្រាប់ការពិនិត្យផ្ទៃពោះ មុនពេលសម្រាលចំនួន៤ដង និងក្រោយសម្រាលចំនួន ១០ដង រហូលដល់កូនមានអាយុ២ឆ្នាំ និង បើកផ្តល់ ៨០០ ០០០ រៀល សម្រាប់ការសម្រាលកូន១ និងបូកបន្ថែម ៤០០ ០០០ រៀល សម្រាប់ កូនភ្លោះទី២ និងកូនភ្លោះទី៣ និងជាបន្តបន្ទាប់៕

































