(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បានប្រកាសពីការជ្រើសរើស បញ្ញវន្តអភិរក្សនិយមម្នាក់ និងជាអ្នករិះគន់ធ្ងន់ៗទៅលើ កំណត់ ត្រាសិទ្ធិមនុស្សរបស់ប្រទេសកូរ៉េខាងជើង ឱ្យឡើងកាន់តំណែងជារដ្ឋមន្រ្តីថ្មីនៃក្រសួងបង្រួបបង្រួម ជាតិ ដែលទទួលបន្ទុកចាត់ចែង ទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ការតែងតាំងលោក គីម យុងហូ (Kim Yung Ho) ដែលជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យ Sungshin កើតឡើងស្របពេលដែលលោក យូន បាននិងកំពុងព្យាយាមបង្វែរ ចំណាប់អារម្មណ៍របស់អន្តរជាតិ ទៅលើស្ថានការណ៍សិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង។ កាលពីខែមីនា ឆ្នាំនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា សហគមន៍អន្តរជាតិគួរ តែមានការដឹងលឺប្រសើរជាងមុន ស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកូរ៉េខាងជើង៕
































