លោក ចៅ ភិរុណ៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការការពារសមិទ្ធផល និងសុខសន្តិភាព


(អត្តបទៈ សិរីវឌ្ឍនៈ)
កោះកុង៖ លោក ចៅ ភិរុណ ដែលប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកបូទុមសាគរ លើកឡើងថា ពលរដ្ឋបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការថែរក្សាការពារសមិទ្ធផល និងតម្លៃសុខសន្តិភាព នាពេលបច្ចុប្បន្ន។


ថ្លែងក្នុងក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់បក្សឃុំតានូន នៅថ្ងៃទី២៩ ខែមិថុនា លោក ចៅ ភិរុណ អះអាងថា រាល់សមិទ្ធផលមានជាហេដ្ឋរចនាសម្ព័ន្ធនានា កំណើនសេដ្ឋកិច្ច សន្តិសុខសង្គម និងវិស័យផ្សេងៗទៀត សុទ្ធតែកើតចេញពីគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃនេះ។

លោកប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកបូទុមសាគរ ជឿជាyក់ថា សមាជិក សមាជិក និងប្រជាពលរដ្ឋរស់នៅក្នុងឃុំតានូន នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកុំបីខានឱ្យមនុស្ស១ម្នាក់សន្លឹកឆ្នោត១។
លោក ចៅ ភិរុណ អរគុណចំពោះពលរដ្ឋ និងយុវជន ដែលបានចូលជាសមាជិករបស់គណបក្ស ដែលទាំងសរបញ្ជាក់ថា ការដឹកនាំរបស់សម្តេចតេជោ បានធ្វើពលរដ្ឋគ្រប់គ្នាយល់ពីតម្លៃសនិភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។ ដោយឡែកការកសាងអគារទីស្នាក់គណបក្សឃុំតានូន វានឹងផ្តល់ប្រយោជន៍ខ្ពស់ដល់សមាជិកបក្សមានកន្លែងធ្វើការងារត្រឹមត្រូវ តាមរយៈការឧបត្ថម្ភគាំទ្រពីក្រុមការងារចុះជួយមូលដ្ឋាន និងសប្បុរសជននានា។

អ្វីដែលមិនភ្លេចនោះ លោក ចៅ ភិរុណ ស្នើសុំសមាជិកកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមណាដែលតែងតែចង់បំផ្លាញសុខសន្តិភាព ព្រោះទំរាំមានថ្ងៃនេះមិនមែនជាចៃដន្យនោះទេ ពោលបានមកទាំងលំបាកបំផុត។
សម្រាប់លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ការពារសន្តិភាពពេញលេញ និងគៀងគរការវិនិយោគសេដ្ឋកិច្ចប្រទេសឱ្យកាន់តែរីកចម្រើនពី១ថ្ងៃទៅ១ថ្ងៃ។

ដូច្នេះលោកស្រី សូមជឿជាក់លើមេដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយប្តេជ្ញាចិត្តបោះឆ្នោតជូនសម្តេចតេជោធ្វើជានាយករដ្ឋមន្រ្តី និងគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តវេន។
បន្ថែមលើនេះ លោកស្រី ក៏បានសម្តែងការកោតសរសើរចំពោះសមិទ្ធផលដែលកើតមាននៅក្នុងមូលដ្ឋានឃុំតានូន ហើយលោកស្រីជឿជាក់ថា សមិទ្ធផលផ្សេងៗទៀតនឹងបន្តកើតមានជាហូរហែ លុះត្រាតែគណបក្សប្រជាជនកម្ពុជាបន្តជាប់ឆ្នោត៕