រុស្ស៉ី ចោទលោកខាងលិចថា ជាអ្នកជួយអ៊ុយក្រែន បើកការវាយប្រហារដោយយន្ដហោះដ្រូន ក្បែរទីក្រុងមូស្គូ

 (មូស្គូ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ ២០២៣ បានបញ្ជាក់ថា ទីក្រុងមូស្គូ បាននិយាយថាការវាយប្រហារដោយយន្ដហោះដ្រូនរបស់ អ៊ុយក្រែនលើទឹកដីរុស្ស៉ី មិនអាចធ្វើទៅបានឡើយ បើគ្មានការជួយពីសហរដ្ឋអាមេរិក និងអង្គការ NATO បន្ទាប់ពីអាជ្ញាធររុស្ស៉ីអះអាងពីការបាញ់ទម្លាក់យន្ដហោះដ្រូន ៥គ្រឿង នៅក្បែរទីក្រុងមូស្គូ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ការវាយប្រហារ បែបនេះមិនអាចធ្វើទៅបានឡើយ បើគ្មានការផ្ដល់ជំនួយដល់របបទីក្រុង កៀវ ពីសំណាក់សហរដ្ឋ អាមេរិក និងសម្ព័ន្ធមិត្ត NATO»។ ក្រសួងក៏បានចោទប្រកាន់ដែរថាលោកខាងលិច បាន និងកំពុង ជួយបណ្ដុះបណ្ដាលអ៊ុយក្រែនក្នុងការដឹកនាំ ការវាយប្រហារដោយយន្ដហោះដ្រូន ក៏ដូចជាផ្ដល់ព័ត៌ មានសម្ងាត់នានា។

សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ យោធារុស្ស៉ីបានអះអាងថាខ្លួនបានបាញ់ទម្លាក់យន្ដ ហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៥គ្រឿង នៅក្បែរទីក្រុងមូស្គូ ដោយមិនបាន បង្កឱ្យមានការខូចខាត ឬជនរងគ្រោះណាម្នាក់នោះទេ។ ប៉ុន្តែ ដូចសព្វដង អ៊ុយក្រែនបានច្រានចោលការចោទប្រកាន់របស់ រុស្ស៉ី ហើយបានចោទត្រឡប់ទៅវិញថាទីក្រុង មូស្គូមានផែនការបង្កគ្រោះថ្នាក់ដ៏ធំសម្បើមមួយ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលទាហានរុស្ស៉ីកំពុងកាន់កាប់៕