ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ជំរុញឱ្យបើកចំហរខ្សែសង្វាក់ផ្គត់ផ្គង់

 (ប៉េកាំង)៖ ប្រធានាធិបតីលោក ស៊ី ជីនពីង បានអំពាវនាវឱ្យប្រទេសនានា បញ្ឈប់ការបំបែក និង កាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលការប្រកាសនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ចិន បានដាក់កម្រិតលើ ការនាំចេញលោហៈសំខាន់ៗចំនួនពីរប្រភេទ ដែលប្រើសម្រាប់ផលិតបន្ទះឈីប ដើម្បីប្រឆាំងនឹង ការរឹតបន្តឹងពីប្រទេសលោកខាងលិច លើទីក្រុងប៉េកាំង។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានដកស្រង់សម្ដីលោក ស៊ី ខណៈថ្លែងនៅក្នុងសុន្ទរកថាមួយ ទៅកាន់មេដឹកនាំអង្គការសហប្រតិបត្តិការ ក្រុងសៀងហៃ (SCO) ថា ប្រទេសដែលមានសេដ្ឋកិច្ច ធំទី២ ក្នុងពិភពលោកមួយនេះចង់ធ្វើការជាមួយប្រទេសនានា ដើម្បី «ច្រានចោលវិធានការ បង្កើត របាំង បំបែក និងកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់»។

យោងតាមអត្ថបទនៃការបញ្ចេញមតិយោបល់ ដែលចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារ ដោយទីភ្នាក់ ងារព័ត៌មានផ្លូវការស៊ីនហួ លោកមានប្រសាសន៍ថា «យើងគួរតែធ្វើឱ្យកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះកាន់តែធំ ហើយធានាថា ផលប្រយោជន៍ពីការអភិវឌ្ឍកាន់តែច្រើន នឹងត្រូវបានចែករំលែកដោយ ស្មើភាព ដោយមនុស្សនៅទូទាំងពិភពលោក»

កាលពីថ្ងៃចន្ទ រដ្ឋាភិបាលចិនបានដាក់ចេញវិធានការទប់ស្កាត់ ការនាំចេញសារធាតុ Gallium និង germanium រួមនឹងសមាសធាតុគីមីរបស់លោហៈទាំងពីរនេះ។ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា វិធានការនេះគឺសំដៅការពារសន្តិសុខជាតិ។

សហរដ្ឋអាមេរិកបានចាត់វិធានការកាន់តែខ្លាំងឡើងដើម្បីគ្រប់គ្រងមហិច្ឆតាបច្ចេកវិទ្យារបស់ប្រទេសចិន ភាគច្រើនដើម្បីទប់ស្កាត់ភាពជឿនលឿនផ្នែកយោធាចិន ហើយបានធ្វើការដើម្បីបញ្ចុះបញ្ចូល សម្ព័ន្ធមិត្តនៅអឺរ៉ុប និងអាស៊ីឱ្យចាត់វិធានការដូចគ្នានេះដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕