(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះបានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រដាប់ដោយមីស៊ីលបាលិស្ទីគ មកកាន់ដែនទឹកក្បែរតំបន់ឧបទ្វីបកូរ៉េ ដោយព្រមានថាទង្វើបែបនេះកំពុងបង្កើតស្ថានភាពមួយដែលនឹងនាំឱ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិកូរ៉េខាងជើង ក៏បានអះអាងដែរថាយន្ដហោះស៊ើបការណ៍ អាមេរិកកាលពីពេលថ្មីៗនេះបានបំពានចូលដែនអាកាសកូរ៉េខាងជើង ស្ថិតនៅក្បែរតំបន់ឆ្នេរភាគខាងកើត ជាមួយការព្រមានថាទីក្រុងព្យុងយ៉ាងអាចនឹងបាញ់ទម្លាក់ យន្ដហោះស៊ើបការណ៍អាមេរិក៕































