កម្លាំងនគរបាលចាប់ខ្លួនភ្នាក់ងារទារប្រាក់កម្ចីអនឡាញខុសច្បាប់ ចំនួន៣នាក់ បញ្ជូនទៅតុលាការ ក្រោយពួកគេទៅគំរាមកំហែងជនរងគ្រោះ

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ៣នាក់ ជាភ្នាក់ងារទារប្រាក់កម្ចីអនឡាញដោយខុសច្បាប់ បន្ទាប់ពីពួកគេបានទៅគំរាមកំហែងជនរងគ្រោះ នៅចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការសម្រួបសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ហើយត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់បានសារភាពថា ខ្លួនបានបម្រើការជាភ្នាក់ងារឲ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញមួយ ហើយខ្លួនបានដើរតួនាទីជាអ្នកបញ្ចុះបញ្ចូលរកអ្នកត្រូវការសេវាខ្ចីប្រាក់ និងជាអ្នកចុះទៅទារប្រាក់ពីអ្នកខ្ចីប្រាក់ទាំងនោះ ដែលជារឿយៗតែងតែគំរាមកំហែងដល់អ្នកដែលមិនបានសងប្រាក់ទាន់ពេលវេលា។ នាយកដ្ឋានបានរកឃើញផងដែរថាក្រុមហ៊ុនសេវាកម្មកម្ចីប្រាក់ទាំងនេះ គឺពុំមានអាជ្ញាប័ណ្ណ និងសុំច្បាប់អនុញ្ញាតពីធនាគារជាតិកម្ពុជាឡើយ។

យោងតាមប្រកាសរវាងអគ្គស្នងការនគរបាលជាតិ និងធនាគារជាតិកម្ពុជា ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា នឹងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះការផ្ដល់ឥណទានខុសច្បាប់ និងផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្ដល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត។

សេចក្តីប្រកាសរួម បានណែនាំឲ្យប្រជាពលរដ្ឋត្រូវចៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្ដល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ដែលពុំមានការអនុញ្ញាតពីធនាគារជាតិ និងដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ ទាន់ពេលវេលា សូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធសកម្មភាពផ្ដល់ឥណទានខុសច្បាប់ រាយការណ៍មកធនាគារជាតិកម្ពុជា តាមរយៈលេខទូរសព្ទចំនួន ៥ខ្សែ៖ ០៨៨ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕