(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជា ទទួលបានចំណូល ២.៤ពាន់លានដុល្លារ ពីការនាំចេញកសិផលទៅកាន់ប្រទេសចំនួន៦៧ ធ្លាក់ចុះ ២២.៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។

របាយការណ៍ដែលទទួលបានបញ្ជាក់ដូច្នេះថា «ក្នុងឆមាសទី១ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូល ចំនួន២ ៤០១ ៦៩២ ២៦៤.៨២ដុល្លារ ធ្លាក់ចុះ២២.៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២២ ក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួន ២៨១ ៨៣៦ ២១៥ដុល្លារ, ការនាំចេញស្រូវ មានចំនួន៤៤៧ ២០៧ ៧១៤ដុល្លារ និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន១ ៦៧២ ៦៤៨ ៣៣៥.៨២ដុល្លារ»។
ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលផ្អែកលើប្រព័ន្ធទិន្នន័យ គ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ៣ ៩០១ ២១៣.៧៧តោន ក្នុងនោះអង្ករចំនួន ៣២៩ ៦៣៣តោន ស្រូវចំនួន ១ ២២៦ ៤០០តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ២ ៣៤៥ ១៨០.៧៧តោន ទៅកាន់ទិសដៅ ៦៧ប្រទេស។

សម្រាប់មូលហេតុដែលការនាំចេញកសិផលក្នុងឆមាសទី១ ឆ្នាំ២០២៣ មានការថយចុះចំនួន ២២.៥២ភាគរយនេះដោយសារតែ៖
១៖ វិបត្តិសេដ្ឋកិច្ចសកលលោក បណ្ដាលឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទថយចុះ និងបង្អាក់ ចរន្តពាណិជ្ជកម្ម។
២៖ កំណើននៃការស្រូបទាញយកវត្ថុធាតុដើមក្នុងស្រុក ដើម្បីផលិតចំណីសត្វ និងការកែច្នៃក្នុង ប្រទេសបណ្ដាលឱ្យមានកំណើននៃ ការស្រូបយកផលិតផលស្រស់មកកែច្នៃ។
៣៖ ផលិតកម្មដំណាំមួយចំនួនមានការថយចុះ ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុ នាំឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពនៃដំណាំ។
៤៖ ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ (ការនាំចេញក្រៅផ្លូវការ) តាមច្រករបៀងទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃមួយចំនួនមិនមានការកត់ត្រា៕
































