ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធវិមានរំលឹកដល់អ្នក​ទទួលអនិច្ចកម្មក្នុងសង្គ្រាម លោកលើកទី១


 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋ ទូតបារាំងប្រចាំ​នៅ​កម្ពុជា លោក​ ហ្សាក់ ប៉ឺ​ឡេ​ (J​a​cqu​e​s ​Pellet​) អញ្ជើញសម្ពោធដាក់​វិមាន​រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។

វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោ និងរង្វង់​មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

វិមានខាងលើនេះត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែល​បាន​ពលី​ជីវិត​នៅក្នុងសង្គ្រាមលោកលើក ទី១ និងអនុស្សាវរីយ៍នៃការតស៊ូ​រួម​គ្នា​រវាង​ទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យជម្នះលើ ប្រទេសអាល្លឺ​ម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និង​លោក François Baudoin រេស៊ីដង់ ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា។

នៅឆ្នាំ១៩៧៥ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាម​លោក​លើក​ទី១ ត្រូវបានខ្មែរ ក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង ដែល​ត្រូវ​បានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។

វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបាន​អនុញ្ញាត​ឱ្យស្ថាបនា ឡើងវិញ តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាម សំណើរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​បាន​ប្រកាស​ជាឱឡារិកក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវ ការនាទីក្រុងប៉ារីស ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០២២។

វិមានត្រូវបានសាងសង់ឡើងវិញ ដោយលោកបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋ​លេ​ខាធិការ​ក្រសួង​រៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសហការ​អនុវត្ត​ជា​មួយក្រសួងវប្ប​ធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ។ វិមាននេះ ត្រូវបានសាងសង់ដោយរក្សាតាមលំនាំដើមរបស់ លោក Paul Ducuing។

លោកបណ្ឌិតស្ថាបត្យករ លី រស្មី បានឱ្យដឹងថា វិមានរំលឹកដល់អ្នក​ដែល​ទទួល​អនិច្ចកម្មក្នុងសង្គ្រាម លោកលើកទី១ គឺជាស្ថា​បត្យ​កម្មសហរចនាបថ ដោយរួម​បញ្ចូលនូវផ្នត់គំនិត​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ​ជា​ច្រើនសម័យកាល តាំងពីសម័យ​អង្គរដល់សម័យក្រោយអង្គរ។ ចំណុច​ពិសេស​​បំផុតនោះគឺ វិមាន នេះមាន​ទស្សនៈ​មួយ​ភាគធំដូចគ្នាទៅនឹង​ប្រាសាទ​នាគព័ន្ធ ដែលមាននាគ ដំរី និងតោ សុទ្ធតែនៅ ជ្រុងអនុទិសដូចគ្នា។

លោបណ្ឌិតស្ថាបត្យករ លី រស្មី បានគូសរំលេចផងដែរថាការសាងសង់វិមាន​នេះឡើងវិញ ឈរលើ គុណតម្លៃចំនួនពីរ។ ទីមួយជាការរំលឹកដល់វីរភាព​ដ៏ហាន​ក្លារបស់យុទ្ធជនខ្មែរ និងបារាំងដែលបាន ពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ឈ្មោះរបស់ បុគ្គលដ៏គួរឱ្យគោរពទាំងអស់នោះ ត្រូវបានចារឹក លើផ្ទាំងថ្ម​ដ៏រឹង​មាំ ស្ថិតស្ថេរអស់កាលជាយូរអង្វែងតរៀងទៅ។

និងមួយទៀត ជាការបន្តប្រពៃណីទំនៀមទម្លាប់របស់ខ្មែរផង ជាការ​យកចិត្តទុក​ដាក់​របស់រដ្ឋាភិបាល បារាំង និងព្រះរាជាខ្មែរផង ដើម្បីធ្វើឱ្យ​ក្រុម​គ្រួ​សា​រ​យុទ្ធ​ជន​ដែលបានពលីជីវិតក្នុងសង្គ្រាមមានភាព កក់ក្ដៅក្នុងចិត្ត ហើយ​ក៏ជា​ការរៀបចំឱ្យ​សម​នឹងស្នាដៃកិត្តិយសរបស់វីរជនទាំងអស់នោះផងដែរ៕