UN និយាយថា ជំងឺអេដស៍អាចបញ្ចប់ត្រឹមឆ្នាំ២០៣០​ បាន ប្រសិនបើមានការវិនិយោគលើការការពារ និងការព្យាបាលគ្រប់គ្រាន់

 (ហ្សឺណែវ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ គឺ អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៣ កក្កដា) ថា ការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០៣០ គឺអាចធ្វើទៅបាន ប្រសិនបើប្រទេសនានាបង្ហាញឆន្ទៈ នយោ បាយក្នុងការវិនិយោគលើការការពារ និងការព្យាបាល និងអនុម័តច្បាប់មិនរើសអើង។

នៅទូទាំងពិភពលោក មនុស្សប្រហែល ៣៩លាននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ (HIV) នៅឆ្នាំ ២០២២ នេះបើយោងតាមកម្មវិធីអង្គការសហប្រជាជាតិស្តីពីជំងឺអេដស៍ (UNAIDS)។ បើមិនមានការព្យាបាលមេរោគ HIV អាចវិវត្តទៅជាជំងឺអេដស៍​​( AIDS)។

UNAIDS បាននិយាយនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា «យើងនឹងមានដំណោះស្រាយ ប្រសិនបើប្រទេសនិមួយៗប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំ ក្នុងការដាក់ មនុស្សជាអទិភាពលើការវិនិយោគនៅក្នុងកម្មវិធីបង្ការការពារ និងព្យាបាលមេរោគ HIV …»។

UNAIDS បានបន្ថែមថា ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះមេរោគអេដស៍ក៏មានន័យថា ការអនុម័តច្បាប់មិនរើសអើង និងការពង្រឹងបណ្តាញសហគមន៍ ក្នុងចំណោមគំនិតផ្តួចផ្តើមផ្សេងៗ ទៀត។ នៅក្នុងប្រទេសជាច្រើន អ្នកផ្ទុកមេរោគអេដស៍ ឬកើតអេដស៍ប្រឈមមុខនឹងការមាក់ងាយ ការរើសអើង និងអំពើហិង្សា។

របាយ​ការណ៍​បាន​បញ្ជាក់​ថា​ «​ការ​រីក​ចម្រើន​មាន​ភាព​ខ្លាំង​បំផុត​ក្នុង​ប្រទេស​ និង​តំបន់​ដែល​មាន​ការ​វិនិយោគ​ហិរញ្ញវត្ថុ​ធំ​បំផុត​ដូច​ជា​អាហ្វ្រិក​ខាង​កើត​ និង​ភាគ​ខាង​ត្បូង​ ដែល​ការ​ឆ្លង​មេរោគ​អេដស៍​ថ្មី​បាន​ធ្លាក់​ចុះ​ ៥៧​ភាគរយ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១០»

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ដដែលបានបន្ថែមថា មានការកើនឡើងយ៉ាងខ្លាំងនៃ ការឆ្លងថ្មីនៅអឺរ៉ុបខាងកើត និងអាស៊ីកណ្តាល ក៏ដូចជានៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ និន្នាការទាំងនេះកើតឡើង ដោយសារតែកង្វះសេវាការពារមេរោគអេដស៍ សម្រាប់ប្រជាជនដែលខ្វះ ខាត និងឧបសគ្គដែលបង្កើតឡើងដោយច្បាប់ដាក់ទណ្ឌកម្ម និងការរើសអើងសង្គម»។

កាលពីឆ្នាំមុន មនុស្ស១.៣លាននាក់បានឆ្លងមេរោគអេដស៍ ហើយមនុស្ស ៦៣០.០០០នាក់បាន ស្លាប់ដោយសារជំងឺនេះ នេះបើយោងតាមអង្គការ UNAIDS៕