(ភ្នំពេញ)៖ រយៈពេល ៦ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកា ជាតិ បានចំនួន ៨ ៣៩៣.១៧ ប៊ីលានរៀល (ប្រមាណជា ២ ០៧២.៣៩ លានដុល្លារ) ស្មើនឹង ៥៨.០២% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ ២០២៣ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ បានបញ្ជាក់ថា តាមរយៈស្ថានភាពនៃចំណូលពន្ធ សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ចំនួន ១៤ ៤៦៥.៣៩ ប៊ីលានរៀល (ប្រមាណជា ៣ ៥៧១.៧០លានដុល្លារ)

ឯកឧត្តម បន្ថែមថា កំណែទម្រង់ និងទំនើបកម្មពន្ធដារចាប់តាំងពីឆ្នាំ២០១២ រហូតមក បានធ្វើឱ្យប្រ ព័ន្ធពន្ធដារមានភាពរឹងមាំ ហើយថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់លំដាប់ថ្នាក់ ខិតខំប្រឹង ប្រែងស្រុះដៃគ្នា អនុវត្តការងារប្រកបដោយស្មារតី បុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្ត ធានាបាននូវនិរន្តរភាពចំណូលពន្ធ និងបន្តចូលរួមអនុវត្តការងារ កំណែទម្រង់និងទំនើបកម្មរដ្ឋបាល សារពើពន្ធ។
ឯកឧត្តម បន្តថា សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា (GDP) ត្រូវបានគេរំពឹងថានឹងសម្រេចបាន កំណើនក្នុងរង្វង់ ៥.៦% ហើយ ការប្រមូលចំណូលពន្ធដារ ត្រូវបានព្យាករថានឹងសម្រេចបានក្នុង រង្វង់ ១០៥%។ ឯកឧត្តម ក៏បានកត់សម្គាល់លើចំណូលតាមសកម្មភាពសំខាន់ៗ មួយចំនួនមាន ការថយចុះ សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ កម្មន្តសាលភេសជ្ជៈ ឬផលិតភេសជ្ជៈ (ថយចុះ ១២.៨៩%) វិស័យអចលនវត្ថុ (ថយចុះ ៣.៨៨%) ហើយទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក៏បានថយ ចុះប្រមាណ ២៦.៨៣%។ ចំណែកការប្រមូលបំណុលពន្ធមានការថយចុះសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះ១៩.០៣% ធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០២២។

ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ទៀតថា ចំពោះវិស័យផលិតភេសជ្ជៈ (កម្មន្តសាលភេសជ្ជៈ) អគ្គនាយកដ្ឋាន ពន្ធដារ បាននិងកំពុងបន្តចុះត្រួតពិនិត្យជាក់ស្តែង តាមរោងចក្រ ដើម្បីតាមដាន និងថែទាំបណ្តាញ និងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) ហើយបានរកឃើញមានករណីគេចវេះ និងការបំពានការអនុវត្តកាតព្វកិច្ចបំពាក់ ឧបករណ៍នេះ ដែលករណីនេះអគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងចាត់វិធានការពន្ធដារយ៉ាងម៉ឺង ម៉ាត់ ដើម្បីធានា បាននូវតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព សម្រាប់វិស័យនេះ។

ឯកឧត្តម បន្ថែមថា អគ្គនាយកដ្ឋានពន្ធដារ បន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ពីប្រតិ បត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដែលជាក់ស្តែងក្នុងខែមិថុនា ឆ្នាំ ២០២៣ ទទួលបាន ២៧.៥៥ ប៊ីលានរៀល (ប្រមាណជា ៦.៨០ លានដុល្លារ) និងសម្រាប់រយៈ ពេល ៦ខែ ឆ្នាំ២០២៣ ទទួលបាន ១៥៩.២១ ប៊ីលានរៀល (ប្រមាណជា ៣៩.៣១ លានដុល្លារ)។
ឯកឧត្តម រដ្ឋមន្ត្រី គង់ វិបុល បញ្ជាក់ទៀតថា តាមរយៈការស្ទង់មតិ ស្តីពីកម្រិតនៃភាពពេញចិត្តរបស់ អ្នកជាប់ពន្ធបានបង្ហាញថា អ្នកជាប់ពន្ធពេញចិត្តចំពោះការផ្តល់សេវាអ្នកជាប់ពន្ធ របស់អគ្គនាយក ដ្ឋានពន្ធដារ ដែលលទ្ធផលសម្រេចបាននេះ គឺកើតចេញ ពីការខិតខំប្រឹងប្រែងក្នុងការធ្វើកំណែ ទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីផ្តល់ភាពងាយស្រួលជូនអ្នកជាប់ពន្ធ ក្នុងការបំពេញ កាតព្វកិច្ចសារពើពន្ធ និងការប្រកបអាជីវកម្មរបស់ខ្លួន៕
































