សម្តេចតេជោ ហ៊ុន សែន អំពាវនាវភ្ញៀវទេសចរបារាំងមកលេងកម្សាន្តនៅកម្ពុជា ​និងអុជធូបគោរព ដល់អ្នកបូជាជីវិត​ នៅ​វិមានរំលឹកអ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១​

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ ​អំពាវនាវដល់ពលរដ្ឋបារាំង​អញ្ជើញមកលេងកម្សាន្តនៅកម្ពុជា ព្រមទាំងអុជធូប និងដាក់ផ្កាគោរពនូវ វិញ្ញាណក្ខន្ធអ្នកដែលបានបូជាជីវិតកាលពីសង្រ្គាមលោកលើកទី១ ទាំង១៩៨នាក់ ​នៅ​​វិមាន​រំលឹក ដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដែលស្ថិតនៅ ស្ថិតនៅចំណុចប្រសព្វនៃមហាវិថី ព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោ និងរង្វង់​មូលកាំភ្លើងកួចកាណុង។ ​

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់​វិមាន​រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នាព្រឹកថ្ងៃ ទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ សង្ឃឹមថា តាមរយៈការសាងសង់​វិមាន​រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាម លោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ និងតាមរយៈ​ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) នឹងអាចទាក់ទាញបាននូវភ្ញៀវទេសចរបារាំងមកកម្ពុជា បន្ថែម។ សម្តេចតេជោគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សង្ឃឹមថា ឯកឧត្តម ហ្សាក់ ប៉ឺឡេ នឹងជួយទាក់ ទាញទេសចររបស់បារាំង ​ឱ្យពួកគេមកកាន់ទីនេះ ដើម្បីដាក់ផ្កាគោរពនូវវិញ្ញាណក្ខន្ធអ្នកដែលបាន បូជាជីវិត កាលពីសង្រ្គាមលោកលើកទី១ ហើយនេះគឺជាចំណុចល្អនៃទំនាក់ទំនងរបស់យើងដែល ជាផ្នែកមួយនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»

ទន្ទឹមគ្នានេះសម្តេចតេជោថែមទាំងបានប្រកាសអនុញ្ញាតជូនស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រើប្រាស់វិមានមួយនេះរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី១ និង ពិធីផ្សេងៗទៀតបានផងដែរ។ ព្រមទាំង ​ប្រគល់សមិទ្ធផល​ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគ្រប់ គ្រង និងថែរក្សា​វិមាននេះ ​ដើម្បីបង្កើននូវសោភណភាព និងបរិស្ថាន ទីក្រុងល្អជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់វិមាននេះ ធ្វើឱ្យរាជធានីភ្នំពេញ ដែលជាមជ្ឈ មណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃ​កម្ពុជា ដែលមានវ័យចំណាស់៥៨៩ឆ្នាំ មកហើយនោះ ក្លាយជារាជធានីប្រវត្តិសា្រស្ត ប្រកបដោយមោទនភាពជាមួយនឹង បេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចង ចាំសម្រាប់មនុស្សគ្រប់ជំនាន់។

សូមជម្រាបថា វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១​ ស្ថិតនៅចំណុច ប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោ និងរង្វង់​មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វិមានខាងលើនេះត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែល​បាន​ពលី​ជីវិត​នៅក្នុងសង្គ្រាមលោក លើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូ​រួម​គ្នា​រវាង​ទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យ ជម្នះលើប្រទេសអាល្លឺ​ម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និង​លោក François Baudoin រេស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា។ ប៉ុន្តែនៅឆ្នាំ១៩៧៥ វិមាន​នេះត្រូវបានខ្មែរក្រហមដាក់គ្រាប់ បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និង តួកណ្តឹង ដែល​ត្រូវ​បានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។

វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបាន​អនុញ្ញាត​ឱ្យស្ថាប នាឡើងវិញ តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង​បាន​ប្រកាស​ជាឱឡារិកក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវ ការនាទីក្រុងប៉ារីស ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០២២​៕