(ប៉េកាំង)៖ បេសកជនផ្នែកអាកាសធាតុរបស់សហរដ្ឋអាមេរិក លោក ចន ឃឺរី (John Kerry) បានទៅដល់សណ្ឋាគារ Beijing Hotel ក្នុងរដ្ឋធានីប៉េកាំង របស់ប្រទេសចិនហើយនៅថ្ងៃចន្ទនេះ ដើម្បីជួបពិភាក្សាជាមួយសមភាគីចិនលោក ស៊ី ជិនហួរ (Xie Zhenhua) ដោយភាគីទាំងពីរមានបំណងកសាងទំនុកចិត្តឡើងវិញ ក្រោយផ្អាកកិច្ចចរចាកាលពីឆ្នាំ ២០២២។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងបន្ទប់សន្និសីទនាទីក្រុងប៉េកាំង នៅព្រឹកថ្ងៃចន្ទនេះ លោក ស៊ី បានឲ្យដឹងថា បេសកជនផ្នែកអាកាសធាតុទាំងពីរ អាចដើរតួនាទីក្នុងការធ្វើឲ្យប្រសើរឡើងនូវ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។ កិច្ចប្រជុំនៅដើមសប្តាហ៍ដែលបន្តរហូតដល់ថ្ងៃពុធ ត្រូវបានគេរំពឹងថានឹងផ្តោតលើការលុបបំបាត់ឧស្ម័នមេតាន និងការបំភាយឧស្ម័នមិនមែនកាបូនផ្សេងទៀត ហើយដំណើរការរហូតដល់មានកិច្ចពិភាក្សាស្តីពីអាកាសធាតុពិភពលោក។
លោក ខឺរី បាននិយាយថា វាជាការចាំបាច់ដែលប្រទេសចិន និងសហរដ្ឋអាមេរិកធ្វើឲ្យមានការវឌ្ឍនភាពជាក់លាក់ ៤ខែមុនពេលកិច្ចពិភាក្សាស្តីពីអាកាសធាតុ ពិភពលោក COP28 ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងឌូបៃ របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ លោក ខឺរី ក៏បានស្នើដល់ភាគីចិន ចាប់ដៃគូជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតាន និងកាត់បន្ថយផលប៉ះពាល់អាកាសធាតុពីថាមពលធ្យូងថ្មដែរ៕































