អាហ្វ្រិកខាងត្បូង ថាការចាប់ខ្លួនលោក ពូទីន មានន័យស្មើនឹងប្រកាសសង្រ្គាមជាមួយរុស្ស៉ី

(ប្រេតូរីយ៉ា)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បាននិយាយថាការប៉ុនប៉ងណាមួយដើម្បីចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន នៅពេលដែលប្រធានាធិបតីរុស្ស៉ីរូបនេះបំពេញទស្សនកិច្ច ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ក្នុងប្រទេសអាហ្វ្រិកខាងត្បូង នៅខែសីហា ខាងមុខនេះ គឺមានន័យស្មើនឹងការប្រកាសសង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។

លោក ពូទីន ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៃ BRICS មានសមាជិកដូចជា ប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលនឹងត្រូវរៀបចំ ឡើងក្នុងទីក្រុង Johannesburg នៅខែសីហាខាងមុខនេះ។ ប៉ុន្តែ លោក ពូទីន កំពុងស្ថិតនៅក្រោមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញ ការចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម អំឡុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយក្នុងនាមជាសមាជិក ICC អាហ្វ្រិកខាងត្បូងមានកាតព្វកិច្ច ចាប់ខ្លួនលោក ពូទីន បញ្ជូនទៅតុលាការ ICC។ ប្រកាសនេះ បាន និងកំពុងធ្វើឱ្យរដ្ឋាភិបាលរបស់លោក រ៉ាម៉ាហ្វូសា ជួបបញ្ហាឈឺក្បាលយ៉ាងស្មុគស្មាញផ្នែកការទូត ស្របពេលគណបក្សប្រឆាំង Democratic Alliance (DA) កំពុងដាក់សម្ពាធ និងអំពាវនាវឱ្យរដ្ឋាភិបាលចាប់ខ្លួនលោក ពូទីន ប្រគល់ឱ្យ ICC ប្រសិនបើមេដឹកនាំ រុស្ស៉ីរូបនេះជាន់ដីអាហ្រ្វិកខាងត្បូង។

តែយ៉ាងណាក៏ដោយ ជាការឆ្លើយតប លោក រ៉ាម៉ាហ្វូសា បានហៅការអំពាវនាវឱ្យគណបក្សប្រឆាំង ថាគ្មានទំនួលខុសត្រូវ ជាមួយការបញ្ជាក់ថាការចាប់ខ្លួនលោក ពូទីន នឹងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ពីព្រោះវិមានក្រឹមឡាំងបានព្រមានរួចហើយថាការចាប់ខ្លួនលោក ពូទីន នឹងមានន័យស្មើប្រកាសសង្រ្គាមជាមួយរុស្ស៉ី។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងរូបនេះ ក៏បានបន្ថែមដែរថាការចាប់ខ្លួនណាមួយក៏នឹងបំផ្លាញផងដែរដល់បេសកកម្មរបស់អាហ្វ្រិកខាងត្បូង ក្នុងការព្យាយាមសម្រប សម្រួលស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕