ខេត្តព្រះសីហនុ ៖ ថ្នាក់ដឹកនាំ បុគ្គលិកព្រមទាំងសហការី នៃ អង្គភាពសារព័ត៌មាន «នី ណា ញូស៍ » សូមប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយ ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។

តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹង ក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅ ល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និង សូមប្រកាសគាំទ្រទាំងស្រុងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹង សុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍ រីកចំរើន និងមានមោទនភាព និងធ្វើអោយ ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ និង រស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។
ស្ថិតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។
សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
































