(ក្រុងឡុងដ៍)៖ តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃពុធ ខណៈវិនិយោគិនកំពុងឃ្លាំងមើលកិច្ចប្រជុំរបស់ ធនាគារកណ្តាលអាមេរិកដែលរំពឹងថានឹងមានការដំឡើងអត្រាការប្រាក់ ស្របពេលដែលមាន ការកើនឡើងការផ្គត់ផ្គង់ប្រេងឆៅរបស់សហរដ្ឋអាមេរិក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបាន ធ្លាក់ចុះ ៣៤សេនមកនៅត្រឹម ៨៣,៣ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិកត្រូវបានជួញដូរក្នុងតម្លៃ ៧៩,២៣ដុល្លារ ធ្លាក់ចុះ ៤០សេន។ ប្រេងឆៅទាំងពីរប្រភេទនេះបានឡើងថ្លៃដល់កម្រិតខ្ពស់ក្នុងរយៈពេលបីខែកាលពីថ្ងៃអង្គារមុនពេលធ្លាក់ចុះវិញនេះ។
តម្លៃប្រេងឆៅបានឡើងថ្លៃក្នុងរយៈពេល ៤សប្តាហ៍ ដោយវិនិយោគិនសម្រុកទិញដោយសារសញ្ញា នៃការផ្គត់ផ្គង់កាន់តែតឹងតែងពោលគឺដោយសារការកាត់បន្ថយទិន្នផលដោយអង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ក៏ដូចជាការសន្យារបស់អាជ្ញាធរចិនក្នុងការជំរុញសេដ្ឋ កិច្ចធំបំផុតទីពីររបស់ពិភពលោក។
ទោះជាយ៉ាងណា
មានការព្រួយបារម្ភជុំវិញថាតើប្រទេសចិន ដែលជាអ្នកប្រើប្រាស់ប្រេងធំជាងគេ ទីពីរក្នុងពិភពលោកនឹងពិតជាមានលទ្ធភាពបង្កើនការគាំទ្រគោលនយោបាយជំរុញសេដ្ឋកិច្ចបានដែរឬទេ។
លោក Warren Patterson ប្រធានផ្នែកយុទ្ធសាស្រ្តទំនិញនៃក្រុមហ៊ុន
ING បានប្រាប់ ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «យើងនៅតែត្រូវរង់ចាំគោលនយោបាយជាក់ស្តែង។ ហានិភ័យគឺថា
គោលនយោបាយទាំងនេះមិនដូចការរំពឹងទុក»។
លោក Hiroyuki Kikukawa ប្រធានក្រុមហ៊ុន NS
Trading ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Nissan Securities បានថ្លែងថា៖ «ទីផ្សារនឹងបន្តស្ថិតក្នុងជម្លោះរវាងការរឹតបន្តឹងការផ្គត់ផ្គង់សកល
និងការភ័យខ្លាចនៃការថយចុះតម្រូវការដោយសារការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក»៕































