សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះលោក ស៉ី ជិនពីង ដែលបាន អបអរសាទរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតថ្លែង អំណរគុណជូនចំពោះលោក ស៉ី ជិនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនី ស្ដចិន ដែលបានផ្ញើសារលិខិតពីរដ្ឋធានីប៉េកាំង ដើម្បីអបអរសាទរចំពោះជ័យជម្នះសាជាថ្មីរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងក្នុងសារលិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះលោក ស៉ី ជិនពីង អគ្គលេខាធិការនៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន៖

តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាង ស្មោះអស់ពីដួងចិត្តចំពោះពាក្យពេចន៍អបអរសាទររបស់ឯកឧត្តមផ្ញើជូនខ្ញុំ សម្រាប់ជ័យជម្នះភ្លូកទឹក ភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា (CPP) ក្នុងការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការកោត សរសើរចំពោះសមិទ្ធផលក្នុងប្រទេសកម្ពុជារយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំ របស់ CPP។

ឆ្លៀតឱកាសនេះ ខ្ញុំសូមអបអរសាទរប្រទេសចិន ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់គណបក្សកុម្មុយ នីស្តចិន (CPC) ដែលមានឯកឧត្តមជាស្នូល សម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់ វិស័យ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចនូវគោលដៅ១០០ឆ្នាំទី២ ឆ្ពោះទៅសម្រេចនូវ ប្រជាជាតិដ៏រុងរឿងបំផុតក្នុងអនាគតដ៏ខ្លីខាងមុខ ក៏ដូចជាធានាបាននូវតួនាទីដ៏សំខាន់របស់ចិនក្នុង តំបន់ និងឆាកអន្តរជាតិ។

ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយសង្កេតឃើញថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង CPP និង CPC បន្តរីកចម្រើនកាន់តែខ្លាំងក្លា ហើយប្រទេសទាំងពីររក្សាបាននូវចំណងមិត្តភាពដ៏ល្អ ប្រសើរ រហូតកា្លយទៅជាសហគមន៍វាសនារួម និងមិត្តភាពដែកថែប។ ខណៈដែលកម្ពុជាស្ថិតនៅក្នុងដំណើរការនៃការបង្កើតរដ្ឋាភិបាលថ្មី ខ្ញុំសូមធានាចំពោះឯកឧត្តមថា គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិនគឺមិនផ្លាស់ប្ដូរឡើយ។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណ បក្សទាំងពីរ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ ដារខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ។

សូមឯកឧត្តមទទួលនូវការគោរពរាប់អានពីខ្ញុំ ព្រមទាំងសូមជូនពរឯកឧត្តមទទួលបាននូវសុខភាពល្អ និងទទួលបានជោគជ័យបន្ថែមទៀតក្នុងគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម។

គួរជម្រាបថា លោក ស៉ី ជិនពីង (Xi Jinping) បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅជូនសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱកាសទទួលបានជ័យជម្នះជាថ្មីម្តងទៀតរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។ លិខិតអបអរសាទររបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣៕