អ្នកស្លាប់ដោយសារព្យុះទីហ្វុង Doksuri នៅហ្វីលីពីន កើនដល់ ៦នាក់​

 (ម៉ានីល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP គឺ ក្រុមមន្ត្រីនៅក្នុងប្រទេស ហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះបានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារតែព្យុះទីហ្វុង ដុកស៊ូរី (Doksuri) នៅក្នុងតំបន់ភាគខាងជើងនៃប្រទេស បានកើនដល់៦នាក់ ខណៈព្យុះដ៏មាន ឥទ្ធិពលមួយនេះកំពុងបក់បោកនៅតៃវ៉ាន់ មុននឹងបន្តឆ្ពោះទៅកាន់ភាគអាគ្នេយ៍ ប្រទេសចិន នៅចុង សប្ដាហ៍នេះ។ ព្យុះទីហ្វុង ដុកស៊ូរី (Doksuri) បានវាយប្រហារលើកោះ Luzon កាលពីថ្ងៃពុធ សប្ដាហ៍នេះ ដោយបណ្ដាលឱ្យដើមឈើជាច្រើនបាក់រលំ កាត់ផ្ដាច់ចរន្តអគ្គិសនី និងបង្ខំឱ្យប្រជាជន រាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញ ជាពិសេសអ្នករស់នៅតាមតំបន់ឆ្នេរ។ ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំ ងបង្កឡើងដោយព្យុះនេះ នៅលើកោះ Babuyan និងតាមខេត្តភាគខាងជើងនៃប្រទេសហ្វីលីពីន ក៏បានបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីផងដែរ។

ក្រុមមន្ត្រីហ្វីលីពីន បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាស្ត្រីជាម្ដាយម្នាក់ និងកូន៣នាក់ របស់គាត់បានស្លាប់កាលពីថ្ងៃពុធ ក្នុងគ្រោះរអិលបាក់ដី ដែលបានវាយប្រហារផ្ទះរបស់ពួកគេ នៅក្នុងទីក្រុង Buguias ស្ថិតនៅក្នុងខេត្ត Benguet ដែលសម្បូរទៅដោយភ្នំ។ ចំណែក មនុស្ស៥ នាក់ផ្សេងទៀតនៅក្នុង ផ្ទះនេះត្រូវបានជួយសង្រ្គោះ។ ចំនួនអ្នកស្លាប់ត្រូវបានបញ្ជាក់ថាបានកើនដល់ ៦នាក់ ក្រោយស្ត្រីម្នាក់បានស្លាប់ដោយសារដើម ដូងបាក់សង្កត់នៅក្នុងខេត្ត Isabela ហើយក្មេងប្រុសជំទង់ម្នាក់ ១៦ឆ្នាំ បានស្លាប់ក្នុងគ្រោះរអិល បាក់ នៅទីក្រុង Baguio៕