មេដឹកនាំស៊ីវិលមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ត្រូវបានផ្ទេរចេញពីពន្ធនាគារ ហើយ


 (យ៉ាងហ្គន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានអោយដឹងថា មេដឹកនាំស៊ីវិលមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ដែលត្រូវបាន ទម្លាក់ពីអំណាចក្នុងការធ្វើរដ្ឋប្រហារយោធាមួយ កាលពីឆ្នាំ២០២១ ត្រូវបានផ្ទេរចេញពី ពន្ធនាគារ ហើយ និងត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងអគារមួយរៀបចំដោយរដ្ឋាភិបាលយោធា។

ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួល បានពីមន្ត្រីម្នាក់ មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់ លោកស្រី ស៊ូជី នៅថ្ងៃសុក្រ នេះ។ មន្ត្រីរូបនេះដដែលបានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា «លោកស្រី អោងសាន ស៊ូជី ត្រូវបានផ្ទេរ និងបញ្ជូនទៅកាន់ អគារមួយកាលពីយប់ថ្ងៃចន្ទ»

គួរបញ្ជាក់ថា ជ័យលាភីណូបែល អាយុ ៧៨ឆ្នាំ លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួននៅដើមឆ្នាំ២០២១ នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី នៅក្នុងរដ្ឋប្រហារមួយ។ លោកស្រី ស៊ូជី កំពុងប្តឹងឧទ្ធរណ៍លើការកាត់ទោសបន្ថែម ដែលមានរយៈពេល ៣៣ឆ្នាំក្រោមការ ចោទប្រកាន់រាប់ ចាប់តាំងពីបទញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ ដែលលោកស្រីបានបដិសេធចោលទាំងអស់។ រដ្ឋាភិបាលលោកខាងលិចជាច្រើន បានប្រកាស ថ្កោលទោសចំពោះ ទង្វើរបស់របបយោធាទៅលើលោកស្រី ស៊ូជី និងអ្នកដទៃទៀត ដោយអំពាវនាវ ឲ្យមានការដោះលែងពួកគេ៕